ខេត្តបន្ទាមានជ័យ៖ ថ្មីទៀតហើយ បន្ទាប់ពីអាវុធហត្ថចុះបង្ក្រាបករណីជួញដូរថ្នាំញៀន នៅក្នុងហាងខារ៉ាអូខេ AJR មិនទាន់បានប៉ុន្មានថ្ងៃផង នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនអ្នកជួញដូរគ្រឿងញៀន និងអ្នកប្រើប្រាស់ថ្នាំញៀនជាង២០នាក់ នៅចំនុចកាស៊ីណូឡាក់គី ក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែ។
លោក អធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែតធិន ស៊ិនដេតបានឲ្យដឹងថា ការចុះបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចកាស៊ីណូឡាក់គី ធ្វើឡើងដោយកម្លាំងនគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្ត និងមានការសម្របសម្រួលដោយលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបានអ្នកជួញដូរថ្នាំញៀន១នាក់ ឈ្មោះ សុខ សៀងធី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅនិងមុខរបរ មិនពិតប្រាកដ និងត្រួតពិនិត្យទឹកនោម មានអ្នកជាប់សារធាតុញៀនចំនួន២២នាក់ ស្រី២នាក់ផងដែរ។
ដកហូតវត្ថុតាងមាន៖ ថ្នាំប្រភេទគ្រាប់ពណ៌ក្រហមចំនួន៥៤គ្រាប់ ម្សៅក្រមពណ៌សចំនួន០៥ថង់ ម្សៅម៉ត់ចំនួន០១ថង់តូច ទូបាញ់ត្រី០៨គ្រឿង ស្លុតហ្គេម១៤គ្រឿង ថ្នាំគ្រវី០១គ្រាប់។
បច្ចុប្បន្នជនសង្ស័យទាំងអស់នោះត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែតឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីរៀបចំសួរនាំកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។
គួរបញ្ជាក់ផងដែរថា នៅចំណុចកាស៊ីណូឡាក់គីខាងលើនេះ ជាកន្លែងអនាធិបតេយ្យ សំបូរទៅដោយក្មេងស្ទាវ បងតូច បងធំ កាប់ចាក់ ទោះកន្លងមកទាំងកម្លាំងអវុធហត្ថ និងកម្លាំងនគរបាល ធ្វើការបង្ក្រាបជាញឹកញាប់យ៉ាងណាក៏ដោយ តែធ្វើឲ្យពលរដ្ឋនូវតែមានការព្រួយប្រារម្ភ ពីសុវត្ថភាពសន្តិសុខរបស់ពួកគាត់ផងដែរ៕នីមវណ្ណា