កម្លាំងយោធាប៉ាគីស្ថានបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបញ្ជាក់ឲ្យដឹងថា យន្តហោះចម្បាំងរបស់ទាហានប៉ាគីស្ថានបានបើកការវាយប្រហារតាមដែនអាកាសកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ បណ្តាលឲ្យក្រុមឧទ្ទាមយ៉ាងតិច២៣នាក់បាត់បង់ជីវិត ។ ការវាយប្រហារពីលើដែនអាកាសនេះធ្វើឡើងនៅតំបន់ដាច់ស្រយាល់ ជាប់ព្រំដែនរវាងប៉ាគីស្ថាន នឹងអាហ្វហ្គានីស្ថាន ។
សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា ប្រតិបត្តិការប្រឆាំងតាមដែនអាកាសធ្វើឡើងនៅតំបន់ Shawal ស្ថិត ក្នុងខេត្ត North Waziristan និងនៅក្នុងស្រុក Khyber ដែលជាទីតាំងលាក់ខ្លួនរបស់ក្រុមឧទ្ទាម ហើយជាលទ្ធផល ការវាយប្រហារពីលើដែនអាកាសនេះបានបំផ្លាញទីតាំងលាក់ខ្លួន៦កន្លែងរបស់ក្រុមឧទ្ទាម ព្រមទាំងបណ្តាលឲ្យក្រុមភេរវករយ៉ាងតិច២៣នាក់បាត់បង់ជីវិត និងជាង១០នាក់ផ្សេងទៀតរងរបួស ។
ការវាយប្រហារតាមដែនអាកាសនៅពេលនេះរបស់កងកម្លាំងយោធាប៉ាគីស្ថានជាផ្នែកមួយក្នុងប្រតិបត្តិការទ្រង់ទ្រាយធំក្នុងគោលដៅបោសសម្អាតក្រុមឧទ្ទាមតាលីបង់ និងក្រុមអាល់កៃដាដែលកំពុងគ្រប់គ្រងយ៉ាងរឹងមាំទីតាំងខាងលើ ។ ខេត្ត North Waziristan នេះ ជាខេត្តមួយរបស់ប៉ាគីស្ថានដែលមានស្រុក៧ជាប់ព្រំដែនជាមួយអាហ្វហ្គានីស្ថាន ហើយដែលស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់ក្រុមឧទ្ទាមតាលីបង់នោះ ។
កងកម្លាំងយោធាប៉ាគីស្ថានបានធ្វើប្រតិបត្តិការបោសសម្អាតក្រុមឧទ្ទាមតាលីបង់ទ្រង់ទ្រាយធំលើកចុងក្រោយនៅក្នុងខេត្ត North Waziristan នេះដែលចាប់ផ្តើមតាំងពីឆ្នាំមុនរហូតមកដល់ពេលបច្ចុប្បន្ន ។
ជម្លោះ និងអំពើហិង្សាបានកើតឡើងជាហូរហែស្ថិតនៅតំបន់ដាច់ស្រយាល់នេះ ហើយដែលក្រុមអ្នកកាសែតមិនត្រូវអនុញ្ញាតឲ្យទៅកាន់តំបន់នោះឡើយ ។ គេមិនអាចរកការបញ្ជាក់បានទេ ចំពោះអត្តសញ្ញាណជនដែលត្រូវសម្លាប់ទាំងនោះថា តើជាក្រុមឧទ្ទាមពិតប្រាកដ ឬជាពលរដ្ឋស្លូតត្រង់នោះ ។
កងកម្លាំងយោធាប៉ាគីស្ថានបានចាប់ផ្តើមប្រតិបត្តិការប្រឆាំងទៅលើក្រុមឧទ្ទាមតាលីបង់កាលពីខែតុលា ឆ្នាំ២០១៤ កន្លងមក ដោយការវាយប្រហារធ្វើឡើងតាមដែនអាកាស ការប្រើប្រាស់កាំភ្លើងធុនធ្ងន់ និងកម្លាំងត្បាល់ផងដែរប្រឆាំងទៅលើក្រុមឧទ្ទាមតាលីបង់ ។ រដ្ឋាភិបាលប៉ាគីស្ថានបានចេញបញ្ជាឲ្យកងកម្លាំងយោធាអនុវត្តប្រតិបត្តិការនេះ នៅក្រោយពីក្រុមឧទ្ទាមតាលីបង់បានវាយប្រហារភេរវកម្មសម្លាប់មនុស្សជាង១៥០នាក់ ភាគច្រើនជាកុមារសិស្សសាលានៅក្នុងថ្នាក់រៀនមួយកន្លែងក្នុងទីក្រុងPeshawar ភាគពាយព្យរបស់ប៉ាគីស្ថាន ៕
ប្រែសម្រួល៖ ថាច់ យ៉ាត