ភ្នំពេញ៖ មន្ត្រីសាលាខណ្ឌដូនពេញ បានចេញមុខបំភ្លឺ និងបដិសេធការចោទប្រកាន់របស់ប្រជាអាជីវករពាក់ព័ន្ធការចុះទៅធ្វើរដ្ឋបាល និងរៀបចំណ្ដាប់ធ្នាប់បណ្ដោយផ្លូវលេខ៨៨ ជាប់របងមន្ទីរពេទ្យគន្ធបុប្ផាទី៤។
សំណេរបំភ្លឺបានបញ្ជាក់ថា នៅបណ្ដោយផ្លូវលេខ ៨៨ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ជាប់មន្ទីរពេទ្យគន្ធបុប្ផាទី៤នេះ កន្លងមកមាន បងប្អូនប្រជាពលរដ្ឋចំនួន៣២គ្រួសារ ដែលរស់នៅតំបន់នេះ បានយកផ្លូវថ្នល់សារធារណៈធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយចាក់បេតុង នៅលើថ្នល់ សាធារណៈ ដើម្បី ប្រកបអាជីវកម្មគ្រប់ប្រភេទ ដោយធ្វើការបិទផ្លូវលេខ៨៨ នេះស្ទើតែទាំងស្រុង ។
ទីតាំងផ្លូវលេខ៨៨ នេះ រដ្ឋបាលខណ្ឌដូនពេញ បានធ្វើការចុះរៀបចំ ចំនួន ៤លើក ឃើញថា មានបងប្អូនប្រជាពលរដ្ឋ ដែលប្រកបអាជីវកម្មទាំងនោះគ្មានការចូលរួមថែរក្សាសណ្ដាប់ធ្នាប់អនាម័យនោះទេ នៅពេលដែលកម្លាំងប្រជាការពារខណ្ឌដូនពេញ ចុះទៅរៀបចំសណ្តាប់ធ្នាប់នោះ ពួកគាត់ពុំបានលើកសម្ភារៈទាំងនោះខិតចូលទៅក្នុងតាមគំនូសដែលអាជ្ញាធរខណ្ឌបានកំណត់ជូននោះទេ ក៏ប៉ុន្តែ មានបងប្អូនប្រជាពលរដ្ឋមួយចំនួនក៏បានខិតសម្ភារៈទាំងនោះចូលទៅក្នុងគំនូរដែលអាជ្ញាធរខណ្ឌបានកំណត់ជូន តែក្រោយពេលដែលកម្លាំងប្រជាការពារខណ្ឌដូនពេញ បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់នៅទីតាំងផ្សេងៗ ទៀត ពួកគាត់ក៏បានបន្តយកសម្ភារៈទាំងនោះយកមកតាំងលក់នៅចិញ្ចើមផ្លូវដដែល ជាហេតុនាំឲ្យរដ្ឋបាលខណ្ឌដូនពេញប្រើប្រាស់វិធានការដោយប្រមូលសម្ភារៈរបស់គាត់យកទៅរក្សាទុកនៅសាលាខណ្ឌដូនពេញ ។
ចំពោះទីតាំងចំណតម៉ូតូ និងរថយន្តវិញ គឺមានការស្នើសុំពីមន្ទីរពេទ្យគន្ធាបុប្ផាទី៤ សុំដាក់ម៉ូតូ និងរថយន្ត របស់ បុគ្គលិកមន្ទីរពេទ្យ ដោយពុំមានបង់ប្រាក់នោះទេ ក៏ប៉ុន្តែប្រសិនបើមានបងប្អូនប្រជាពលរដ្ឋចង់មកផ្ញើម៉ូតូនៅទីតាំងសម្រាប់ចំណតបុគ្គលិកមន្ទីរពេទ្យនេះគឺត្រូវបង់ប្រាក់ចំនួន ៥០០រៀល សម្រាប់ថ្លៃផ្ញើម៉ូតូមួយដង ។
រដ្ឋបាលខណ្ឌដូនពេញ សូមបញ្ជាក់ថា: មានបងប្អូនមួយចំនួនតូច មិនសប្បាយចិត្តនឹងការចុះរៀបចំសណ្ដាប់ធ្នាប់ របស់រដ្ឋបាលខណ្ឌដូនពេញនោះទេ ដោយមូលហេតុ ពួកគាត់បានបាត់បង់ប្រយោជន៍ របស់ពួកគាត់ដែលគាត់បានចាក់បេតុងនៅលើផ្លូវសាធារណៈដើម្បីប្រកបអាជីវកម្មគ្រប់ប្រភេទរួមទាំងការផ្ញើម៉ូតូដោយមានការយកតម្លៃចាប់ពី ២០០០រៀល ទៅ ៣០០០ រៀលផងដែរ៕ជ្រោយពេជ្រ
...