ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាអធិបតីភាព បើកការដ្ឋាន សាងសង់អគារសមាគមនិកាយចិនទៀជីវនិងអាគារសិក្សា សាកលវិទ្យាល័យទួនហ្វា ដើម្បីបម្រើឱ្យសកម្មភាពសមាគមនិកាយចិនទៀជីវ ក្នុងគោលបំណងបណ្តុះបណ្តាលធនធានមនុស្ស ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែមាន ការអភិវឌ្ឍរីកចម្រើន លើវិស័យ អប់រំ សីលធម៌ និងវប្បធម៌ ប្រកបដោយគុណភាព ប្រសិទ្ធភាពទៅថ្ងៃអនាគត ។
អគារសមាគមនិកាយចិនទៀជីវនិងអាគារសាកលវិទ្យាល័យទួនហ្វា គ្រោងនឹងចំណាយថវិកាលើការសាងសង់ប្រមាណ ១០លានដុល្លារ ដោយបានធ្វើពិធីក្រុងពាលី និងបញ្ចុះបឋម សិលា ដើម្បីបើកការដ្ឋានសាងសង់ កាលពីព្រឹកថ្ងៃចន្ទ៧រោច ខែជេស្ឋ ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនិងថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៩ ស្ថិតនៅទីតាំងភូមិទួលពង្ររ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៏សែនជ័យ ដោយមានការចូលរួម តំណាងស្ថានទូតចិនប្រចាំកម្ពុជា លោកឡៅ ម៉េងឃីម ប្រធានសមាគមនិកាយចិនទៀជីវ លោកស្រីជុំ សុភាពអនុប្រធានកាកបាទក្រហមកម្ពុជា និងលោកពុង ឃាងសែ ប្រធានសម្ព័ន្ធខ្មែរចិនប្រចាំប្រទេសកម្ពុជាផងដែរ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ៖ អគារសមាគមននិកាយចិនទៀជីវ និងអគារ សិក្សាសាកលវិទ្យាល័យទួនហ្វានេះ គឺជាសមិតផលថ្មីមួយទៀត នៅរាជធានីភ្នំពេញ កំពុងត្រូវការអភិវឌ្ឍឲ្យស្របទៅនឹងកំណើនសេស្ឋកិច្ច ដើម្បីអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើនទៅមុខថែមទៀត ដាច់ខាតត្រូវតែមានធនធានមនុស្ស ប្រកបដោយគុណភាព ប្រសិទ្ធភាព។ ដូច្នេះទេក្មួយៗទាំងអស់ត្រូវខិតខំរៀនសូត្រអោយក្លាយជាទំពាំងស្នងឫស្សីដ៏ល្អដែរ ។
លោកបន្ដថា៖ ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រី បានបើកទូលាយឲ្យមាន សាលារៀន បង្រៀនស្ទើរគ្រប់ភាសា ដោយហេតុថា ភាសាគឺជាយានមួយក្នុងការទំនាក់ទំនងរវាងប្រទេសមួយទៅប្រទេសមួយ ។ លោកក៏បានស្នើឲ្យ ក្រុមហ៊ុនសាងសង់សំណងនេះ មានគុណភាព និងមានការធានត្រឹមត្រូវ តាមខក្ខណៈបច្ចេកទេស ស្ដង់ដារផងដែរ ។ សំណងដែលកំពុងរីកដុះដាលគ្រប់ទិសទីនេះ អនុវត្តតាមយុទ្ធសាស្រ្តផ្លូវមួយ ខ្សែក្រវ៉ាត់មួយ កម្ពុជា ចិនបាន បង្កើនការបណ្តុះបណ្តាល ការអប់រំ វប្បធម៌ និងទេសចរណ៍ កាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។ បន្ថែមពីលើនេះទៀតកម្ពុជាបានបើកទូលាយឱ្យគ្រប់សមាគមន៍ សហគមន៍ អង្គការមិនមែនរដ្ឋាភិបាលធ្វើសកម្មភាពដើម្បីជំរុញឲ្យប្រទេសកម្ពុជាជាប្រទេសមួយប្រកាន់ ទៅដោយលទ្ធិប្រជាធិបតេយ្យ ។
លោក ឡៅ ម៉េងឃីម ក្នុងឱកាសនោះបានបញ្ជាក់ថា៖ អគារសមាគមនិងសាលាខាងលើ នឹងត្រូវចំណាយថវិកាប្រមាណ ១០លានដុល្លារសហរដ្ឋអាមេរិកលើផ្ទៃដីជាង ១៣០០០ម៉ែត្រការ៉េ ដើម្បីបម្រើអោយសកម្មភាពសមាគមនិកាយចិនទៀជីវនិងការបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងសាលាទួនហ្វា ហើយសាលានេះនឹង សាងសង់ឡើងខ្នងកំពស់៦ជាន់ សាងសង់អគារសំរាប់សិស្សានុសិស្សក៏ដូចជាលោកគ្រូ ស្នាក់នៅ មានកំពស់ ៨ជាន់ផងដែរ ។សមិទ្ធផលទាំងនេះគឺពិតជាបានមកពីការរួមចំណែក ពីបងប្អូនសមាគមចិនទាំងអស់គ្នា៕ ដោយ៖ សំរិត