ភ្នំពេញ៖ អតីតតារាកំប្លែងនាយ តាក់ស៊ី ដែលមានបំណងសាងផ្នួស និងបម្រើក្នុងវិស័យព្រះពុទ្ធសាសនាជារៀងរហូតនោះ បានសម្រេចបំណងដោយបានបួសជាផ្លូវការហើយកាលពីព្រឹកថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៩នេះនៅវត្តមួយនៃខេត្តកំពង់ស្ពឺ។ ការបួសនេះនឹងបំពេញបំណងរបស់អតីតសិល្បករល្បីឈ្មោះរូបនេះក្រោយពីលោកបានសម្រាកព្យាបាលជំងឺមួយរយៈពេលខ្លីមក។
យោងតាមគណនីយហ្វេសប៊ុករបស់នាងភីម ដែលជាអតីតភរិយាបានបង្ហាញសារ និងរូបភាពដែលនៃការសាងផ្នួសជាផ្លូវការហើយដោយមានវត្តមានអ្នកផលិតកម្មវិធី លោក សុវណ្ណ រិទ្ធី ហៅលោកតាវិចទ័រ តារាកំប្លែងរួមក្រុម នាងអ៊ីត នាយចឺម នាយគ្រឺន និងសាច់ញាតិមិត្តភ័ក្កិមួយចំនួនទៀត។ កម្មវិធីបួសនេះត្រូវធ្វើឡើងនៅវត្តដងទង់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
កន្លងមកអតីតតារាកំប្លែង នាយ តាក់ស៊ី ធ្លាប់បានប្រកាសថា នឹងថ្វាយខ្លួនជូនព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បើសិនខ្លួនបានជាពីជំងឺដោយមិនស្ដាយអ្វីទាំងអស់ ហើយគាត់ ក៏នឹងបើកផ្លូវឲ្យប្រពន្ធគឺនាង ភីម ចង់មានគ្រួសារថ្មីគាត់ក៏មិនហាមដែរ ព្រោះខ្លួនគាត់ថ្វាយជូនព្រះទៅរហូតហើយដែរ ។
គួរបញ្ជាក់ថា នាយតាក់ស៊ី ធ្លាប់ឆ្លងកាត់ជីវិតជាក្មេងកំព្រាឪពុក ដើររើសអេតចាយ តែនាយខំតស៊ូ រហូតបានក្លាយជាតារាកំប្លែងល្បីឈ្មោះ បន្ទាប់ពីបានប្រឡងជាប់ទាំងពីរនាក់ប្តីប្រពន្ធ ក្នុងក្រុមកំប្លែង CTN នៅឆ្នាំ២០០៩-២០១០ ហើយក៏បានដូរឈ្មោះពី មុល សារឿន មកនាយតាក់ស៊ី ឯភរិយាប្តូរឈ្មោះពី សុភាន់ មកជានាង ភីម ។ នាយតាក់ស៊ី មានស្រុកកំណើតនៅភូមិវត្តរំដួល ស្រុកសង្កែ ខេត្តបាត់ដំបង បច្ចុប្បន្ន រស់នៅភូមិវត្តកណ្តាល ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ដែលជាស្រុកកំណើតភរិយា ។ នាយបានរៀបការនៅឆ្នាំ២០០៦ សព្វថ្ងៃមានកូនប្រុសម្នាក់ផងដែរ ៕ វឌ្ឍនា