យ៉ាងហោចណាសក៏មានមនុស្សយ៉ាងតិច៥នាក់ បានស្លាប់ និងជាង១០០នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីមានហេតុការណ៍រថភ្លើង ដឹកអ្នកដំណើរភ្លាត់កង់ ចេញពីផ្លូវដែក បណ្ដាលឲ្យធ្លាក់ចុះពីលើស្ពាន ស្ថិតនៅភាគខាងជើង ស្រុក Bangladeshi ខេត្ត Moulvibazar ប្រទេសបង់ក្លាដែស។
សារព័ត៌មាន Daily Star បានផ្សាយ នៅថ្ងៃទី២៤ ខែមិថុនា បានដកស្រង់សម្តី មន្ត្រីក្នុងតំបន់ បានបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះទាំងនោះ មានស្ត្រី៣នាក់ បានស្លាប់ ។ ជនរងគ្រោះដែលបានបាត់បង់ជីវិត អាចនឹងកើនឡើងច្រើនជាងនេះ ខណៈការរុករកសាកសពកំពុងបន្ដ។ រថភ្លើងមួយដែលជួបនឹងគ្រោះថ្នាក់នេះជារបស់ក្រុមហ៊ុនអាយស្ម័យាន Upaban Express ចេញដំណើរពីទីក្រុង Sylhet ឆ្ពោះទៅកាន់ទីក្រុង Dhaka ហើយបានធ្លាក់ចូលទៅក្នុងព្រែកមួយ កាលពីរសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ខណៈទូរថភ្លើង២ផ្សេងទៀត បានធ្លាក់ចេញពីផ្លូវដែក មកកល់នៅក្បែរច្រាំង នៃព្រែកនោះ។
ក្រោយពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ខាងលើនេះមក គេឃើញរថយន្ដសង្គ្រោះបន្ទាន់ចំនួន៥គ្រឿង និងរថយន្តពន្លត់អគ្គិភ័យចំនួន១៣គ្រឿង បានទៅដល់កន្លែងកើតហេតុ។ បន្ទាប់មក ក្រុមអ្នកជួយសង្រ្គោះ បានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ នៅក្បែរនោះ។
ទោះជាយ៉ាង រហូតមកដល់ពេលនេះ ប៉ូលិស នៃប្រទេសបង់ក្លាដែស កំពុងតែស៊ើបអង្កេតលើករណីគ្រោះថ្នាក់ខាងលើនេះ ។ ប៉ុន្ដែប្រភពខ្លះថា រថភ្លើងនោះបានជួបនឹងគ្រោះថ្នាក់ ដោយសារលទ្ធផល មកពីការផ្អាកចរាចរណ៍ផ្លូវដែក រវាងពីទីក្រុង Sylhet ឆ្ពោះទៅកាន់ស្រុកដទៃផ្សេងៗទៀត៕
ដោយ៖ មែវ សាធី