ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលបុកម៉ូតូមួយគ្រឿងទៀតបម្រុង បត់ឆ្លងផ្លូវពេញទំហឹងបណ្ដាលអោយរងរបួសស្រាលទាំងសងខាង និងម៉ូតូរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១និង៤០នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្លូវលេខ៧០កែងនឹងផ្លូវបឹងកក់ ស្ថិតក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាក YAMAHA ស៊ុយស៊ូគីវីវ៉ា ពណ៍ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1C-3757 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៧០ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុបម្រុង បត់ឆ្វេងឆ្លងផ្លូវក៏ត្រូវម៉ូតូមួយគ្រឿងទៀតជិះក្នុងល្បឿនលឿនបុកពេញទំហឹងបណ្ដាលអោយដួលរងរបួសស្រាល និងម៉ូតូរងការខូចខាតទាំងសងខាង ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ហើយដោយសារតែភាគីទាំងសងខាងនិយាយមិនត្រូវគ្នាទើបសមត្ថកិច្ចធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដូនពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕
ដោយ៖ ចាន់ធឿន