ភ្នំពេញ៖ យុវជនពីរនាក់ជិះម៉ូតូសង់កូរ៉េមួយគ្រឿងក្នុងល្បឿនលឿនជ្រុលបុកម៉ូតូឌ្រីមសង់មួយគ្រឿងទៀតដែលធ្វើដំណើរបញ្ច្រាសទិសគ្នាបណ្ដាលអោយរងរបួសធ្ងន់ និងស្រាលចំនួនបីនាក់ ត្រូវបានដឹកតាមរថយន្តសង្គ្រោះទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ចំណែកឯម៉ូតូរងកាខូចខាតទាំងសងខាង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១និង១៥នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ តាមបណ្ដោតផ្លូវលេខ៧០ ខាងកើតអង់តែនទួលគោកប្រហែល២០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក HONDA ឌ្រីម C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FJ-8360 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៧០ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុមានម៉ូតូមួយគ្រឿងទៀតម៉ាក HONDA សង់កូរ៉េ ពណ៍ក្រហមគ្មានស្លាកលេខ ជិះដោយយុវជនពីរនាក់ស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំ បាត់បង់ម្ចាស់ការ ធ្វើដំណើរបញ្ច្រាស់ទិសគ្នាបានជ្រុលបុកពេញទំហឹងបណ្ដាលអោយរងរបួសទាំងសងខាង និងម៉ូតូរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងសម្របសម្រួល ដោយភាគីខាងម៉ូតូសង់កូរ៉េដឹងពីកំហុសរបស់ខ្លួនក៏ ព្រមសងថ្លៃការខូចខាតទៅខាងម៉ូតូឌ្រីមសង់ដោយយកម៉ូតូទៅជួសជុលអោយ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង ដោយមិនចង់មានបញ្ហាវែងឆ្ងាយ និងមិនចង់មានការរំខានដល់សមត្ថកិច្ច៕
ដោយ៖ ព្រែកជ័យ