ភ្នំពេញ៖ យុវជន២នាក់ កំពុងជិះម៉ូតូមួយឌុបបគ្នាតាមផ្លូវ ត្រូវក្រុមក្មេងស្ទាវមួយក្រុម ប្រដាប់ដោយខ្សែក្រវ៉ាត់ បើកតាមពីក្រោយ ធ្វើឲ្យយុវជនទាំង២នាក់ ភ័យពេកបើកម៉ូតូជ្រុលទៅបុកគល់ឈើ នៅមុខមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បណ្ដាលឲ្យដួល ភ្លាមៗនោះក្រុមជនសង្ស័យបានព្រួតវាយយុវជនទាំង២នាក់នោះ បណ្ដាលឲ្យរងរបួសធ្ងន់សន្លប់ស្ដូក និងម្នាក់ទៀតរបួសស្រាល ដោយមិនដឹងមូលហេតុ កាលពីម៉ោង១១យប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម ត្រង់ចំណុចខាងមុខ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពពត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជន២នាក់ បើកម៉ូតូមួយគ្រឿង ម៉ាកហុងដា Zoomer-X ពាក់ស្លាកលេខ ភ្នំពេញ 1GT-4486 ពណ៌ក្រហម លាយស ធ្វើដំណើរតាមផ្លូវព្រះនរោត្តម ខណៈមកដល់ចំណុចកើតហេតុ ក៏មានក្មេងស្ទាវមួយក្រុម មានគ្នាច្រើននាក់ (បើកម៉ូតូជាច្រើនគ្រឿង) ប្រដាប់ដោយខ្សែក្រវ៉ាត់ បើកតាមមកពីក្រោយ ធ្វើឲ្យយុវជនទាំង២នាក់ ភ័យពេកទើបជិះរត់ រហូតដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកគល់ឈើ បណ្ដាលឲ្យដួល ត្រូវក្រុមជនសង្ស័យចុះមកព្រួតវាយយុវជនទាំង២នាក់នោះ បណ្ដាលឲ្យរងរបួសធ្ងន់សន្លប់ស្ដូក និងម្នាក់ទៀតរបួសស្រាល ដោយមិនដឹងមូលហេតុអ្វីនោះទេ ហើយនាំគ្នាជិះរត់គេចខ្លួនបាត់ស្រមោលអស់ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរឆ្លងកាត់នោះ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកកន្លែងកើតហេតុ ទាក់ទងរថយន្តសង្គ្រោះមកដឹកយកទៅសង្គ្រោះភ្លាមៗ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលជ័យជំនះ បានចុះមកកន្លែងកើតហេតុ រួចយកម៉ូតូរបស់ជនរងគ្រោះ ទៅរក្សាទុកនៅប៉ុស្តិ៍ ដើម្បីរងចាំជនរងគ្រោះមកដាក់ពាក្យបណ្ដឹង និងប្រគល់ម៉ូតូជូនវិញ៕ជ្រោយពេជ្រ
...