ម៉ូតូសង់ឆ្នាំ២០១៩ឆ្លងផ្លូវត្រូវម៉ូតូសង់ស៊េរី០១៦ជ្រុលបុករបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីមានផ្ទៃពោះ៧ខែម្នាក់ជិះម៉ូតូឆ្លងផ្លូវត្រូវយុវជនបីនាក់ជិះម៉ូតូចេញពីផឹកស៊ីលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកបណ្តាលឲ្យរងរបួសធ្ងន់ស្រាលត្រូវបានរថយន្តអង្គភាព៧១១ដឹកយកទៅសង្គ្រោះភ្លាមៗកាលពីវេលាម៉ោង៦និង៤៥នាទីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។
ស្ត្រីឈ្មោះ អន ស្រីស្រស់ អាយុ២២ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅបុរីប៊ុន ហួរ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិឥន្ទនេល ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានផ្ទៃពោះ៧ខែ។ ចំណែកយុវជនបីនាក់ទៀតទី១ឈ្មោះ ប៊ុត សាវង្ស ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅផ្ទះជួល ភូមិអូដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រងរបួសស្រាល ។ រួមដំណើរជាមួយ២នាក់ទៀត ទី១ ឈ្មោះ នាង ចំណាប់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើត ភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ រងរបួសធ្ងន់ ។ ទី២ ឈ្មោះ កន កែវ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើត ភូមិត្រពាំងឫស្សី ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ រងរបួសធ្ងន់ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ យុវជនគ្នា៣នាក់ ទើបចេញពីកន្លែងផឹកសុី ជិះម៉ូតូ ម៉ាកហុងដា សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1S-7038ធ្វេីដំណេីរពីត្បូងទៅជើង ល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកម៉ូតូកំពុងឆ្លងផ្លូវពីលិចទៅកើត ម៉ាកហុងដា សេ១២៥ សេរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1L-9539 បើកបរដោយ ស្ត្រីមានផ្ទៃពោះ៧ខែរងរបួសធ្ងន់ ។
ក្រោយកើតហេតុ ជនរងគ្រោះរបួសធ្ងន់៣នាក់ ក្នុងនោះមានស្ត្រីពោះធំ ម្នាក់ផង ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ។ ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានតំណាង សាច់ញាតិភាគីសងខាង មកធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងយុវជនចេញថ្លៃព្យាបាលរបួសចំនួន៤០០ដុល្លា ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print