ភ្នំពេញ៖ បទចម្រៀង ”សោកនាដកម្ម”របស់ផលិតកម្មមរតកមេឌៀ ទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជន ព្រោះតែបទមួយនេះបានរៀបរាប់ពីអំពីភាពសោកសង្រេងទុក្ខសោកជាពន់ពេកក្រោយព្រឹត្តិការណ៍បាក់រលំអាគារនៅខេត្តព្រះសីហនុ។ តាមពិតអ្នកនិពន្ធទំនុកច្រៀងនេះត្រូវបានគេស្គាល់ថាជាលោក សយ រតនា ក៏ជាតារាចម្រៀងប្រចាំផលិតកម្មនេះផងដែរ។
លោក សយ រតនា ត្រូវបានអ្នកសិល្បៈពិសេសតារាចម្រៀងស្គាល់ច្រើនព្រោះតែលោកធ្លាប់និពន្ធបទចម្រៀងជាច្រើនសម្រាប់តារាល្បីៗមួយចំនួននៅផលិតកម្មថោន ពិសេសបទ”មាន់ស្រែ”។ លោក ក៏ត្រូវបានទទួលស្គាល់ថាជាអ្នកនិពន្ធវ័យក្មេងមានសមត្ថភាព និងបានធ្វើឲ្យគេចាប់អារម្មណ៍ក្នុងមួយរយៈពេលចុងក្រោយនេះក្រោយពីលោកបាននិពន្ធបទចម្រៀង សោកនាដកម្ម” ដែលធ្វើឲ្យអ្នកស្តាប់ទប់ទឹកភ្នែកមិនបាន។ បទនេះជាបទចម្រៀងលំនាំបទមរតកដើមមានចំណងជើងថា “កត្តញ្ញូ” នេះបានធ្វើឲ្យអ្នកស្តាប់សម្រក់ទឹកភ្នែក អមដោយខ្លឹមសារ និងរូបភាពដ៏គួរឲ្យខ្លោចផ្សារ និងចម្រៀងដោយតារាចម្រៀង៩រូបក្នុងផលិតកម្មមរតកគឺ លោក នាងប្រាក់សុគន្ធ កញ្ញា ដានីកា លោក សយ រតនា នាយព្រែក អ្នកស្រី ចាន់ធឿន លោក សុភ័ស កញ្ញា សុវណ្ណរ័ត្ន កញ្ញា គ្រីប លក្ខិណា និង លោក ណាវ៉ាត់។
គួរបញ្ជាក់ដែរថា សយ រតនា ធ្លាប់បាននិពន្ធបទចម្រៀងឲ្យស្ទើគ្រប់បណ្តាផលិតកម្ម ហើយបទចម្រៀងដែលលោកធ្លាប់បាននិពន្ធឲ្យ ផលិតកម្មថោនមានមិនក្រោម៥០បទនោះទេ ហើយបទដែលទទួលបានការគាំទ្រច្រើនមានដូចជាបទ”កូលាបពុលដី”ដែលច្រៀងដោយលោកកែវ វាសនា បទ”បំពេរម្តាយ”របស់ កញ្ញា មាស សុខសោភា បទ”អ្នកណាឲ្យអូនទៅ”របស់លោក ខេម បទ “មាន់ស្រែ” និងបទ”លុយលុយ” របស់កញ្ញា រ៉ាប៊ីជាដើម៕ ដោយ វឌ្ឍនា