ខេត្តត្បូងឃ្មុំ ៖ នៅលើកំណាត់ផ្លូវជាតិលេខ៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្ត ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ចំណែកអ្នកបើកបររថយន្តបានបន្ថែមល្បឿនគេចពីកន្លែងកើតហេតុមិនទទួលខុសត្រូវ ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃចន្ទ ១៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនិងទី១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៤និង៤០នាទី ព្រឹកនៅលើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រ ១២៨-១២៩ ត្រង់ចំណុចមុខក្រុមហ៊ុនស្រេងថានី ស្ថិតនៅភូមិទួលវិហារ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងម៉ូតូ និងរថយន្តក្នុងទិសដៅបញ្ច្រាសទិសគ្នា ខណៈអ្នកបើកបរម៉ូតូហុងដាឌ្រីម១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មុំ1G-2519 បានជែងរថយន្តធុនធំមួយគ្រឿង ជ្រុលចង្កូតទៅប៉ះជាមួយរថយន្តមិនស្គាល់ម៉ាក បើកមកពីទិសខាងកើត បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើររងរបួសធ្ងន់ ។ រីឯអ្នកបើកបររថយន្តបើករត់គេចខ្លួនបាត់ ។
ចំពោះករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវភិនភាគភាគីបង្កហេតុមកដោះស្រាយផ្លូវច្បាប់ ។ ដោយឡែកសពបានប្រកាសរកសាច់ញាតិទទួកយកទៅធ្វើបុណ្យ ចំណែកអ្នករបួសបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ៕ ដោយ ៖ វណ្ណៈ