ខេត្តព្រៃវែង ៖ ក្មេងប្រុសពីរនាក់បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង៤និង៥៥នាទីរសៀលថ្ងៃអាទិត្យ ១៣ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិអណ្តូង ឃុំមេ.សរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ខណៈនាំគ្នាទៅហែលទឹកស្រះលេង ពេលកំពុងមានភ្លៀងធ្លាក់ ។
មន្ត្រនគរបាលព្រហ្មទណ្ឌ ស្រុកពារាំងបានឲ្យដឹងថា ក្មេងប្រុស២នាក់នោះមានឈ្មោះ ហន័ សេងហរ័ អាយុ១១ឆ្នាំ រស់នៅភូមិអន្តូង ឃុំមេ.សរប្រចាន់និង ឈ្មោះ យី ហុកម៉េង អាយុ១០ឆ្នាំ រស់នៅភូមិ – ឃុំជាមួយគ្នា។
ក្រុមគ្រួសារសពបានប្រាប់សមត្ថកិច្ចជំនាញថា មុនពេលកើតហេតុ ក្នុងម៉ោងជិត៥ល្ងាច ពួកបាននាំគ្នាទៅហែលទឹកស្រះលេងនៅក្រោយភូមិ ខណៈមេឃកំពុងភ្លៀង បណ្ដាលឲ្យលង់ទឹកស្លាប់ទាំងពីរនាក់ យ៉ាងអាណោចអាធ័ម ដោយគ្មានអ្នកណាដឹងទៅជួយសង្រ្គោះទាន់ឡើយ។ លុះពេលឪពុកម្តាយបាត់កូនយូរមិនឃើញមកផ្ទះក៏នាំគ្នាដើរកឃើញស្បែកជើងជនរងគ្រោះទាំង២នាក់នៅលើមាត់ស្រះ ក៏ចុះរាវក្នុងបាតទឹកស្រះឃើញក្លាយជាសពទៅហើយក៏ស្រង់សពមកដាក់លើគោក រួចរាយ ការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញទៅដល់ធ្វើកោសល្យវិច័យ ហើយសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយលង់ទឹកប្រាកដមែនទើបប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណី ៕ សហការី