សៀមរាប៖នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ដោយយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រោមការបញ្ជាផ្ទាល់របស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត កម្លាំងចម្រុះរួមមាន លោក នាយករងរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរ និងអ្នកពាក់ព័ន្ធបានចុះបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្រភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង។
លទ្ធផលនៃការបើកយុទ្ធនាការនាព្រឹកនេះ សមត្ថកិច្ច បានរឹបអូស និងដុតបំផ្លាញនូវ៖
១. សាច់មងរ៉ាវ ប្រវែងប្រមាណ ១១ ០០០ម៉ែត្រ
២. បង្គោលចំរឹង ចំនួន ៦៨០០ដើម
៣. ក្បាលបរ ចំនួន ១៥ក្បាលបរ
ឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យកំលាំងជំនាញពាក់ព័ន្ធរៀបចំផែនការចុះបង្រ្កាបបទល្មើសជលផលជាប់ជាប្រចាំនិងណែនាំឲ្យសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបង្កើនការអប់រំនិងការណែនាំ ដល់ប្រជាពលរដ្ឋមិនអោយនេសាទល្មើសច្បាប់កំណត់ក្នុងរដូវបិទនេសាទ។
សូមបញ្ជាក់ថា រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានប្រកាសអំពីរដូវបិទនេសាទសម្រាប់ឆ្នាំ២០១៩នេះ គឺនឹងចាប់ផ្ដើមពីថ្ងៃទី១ខែមិថុនា រហូតដល់ថ្ងៃទី៣០ខែកញ្ញា៕ ប៊ុនរិទ្ធី