ខេត្តពោធិ៍សាត់៖ ក្រុមចោរដើរធ្វើសកម្មភាពដាក់ថ្នាំបំពុលសត្វ យកទ្រព្យសម្បត្តិប្រជាពលរដ្ឋ ចាប់ផ្ដើមកក្រើកឡើងវិញទៀតហើយ ជាក់ស្ដែងកាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ នៅភូមិកំពង់ស្ទោង សង្កាត់ចំរើនផល ក្រុង-ខេត្តពោធិ៍សាត់ មានករណីចោរកម្មដោយក្រុមចោរបានធ្វើសកម្មភាព ដាក់ថ្នាំបំពុលសត្វឆ្កែងាប់ ៣ក្បាល យកម៉ូតូ ១គ្រឿង ជិះគេចខ្លួនដោយសុវត្ថិភាព ។
តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់បានឱ្យដឹងថា ម៉ូតូដែលក្រុមចោរយកទៅនោះម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០០៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1B-4523 ជាកម្មសិទ្ធិរបស់ឈ្មោះ ឃុន វ៉ាន់ ភេទស្រី អាយុ ៦០ឆ្នាំ មានទីលំនៅភូមិ-សង្កាត់កើតហេតុ ។
អ្នកស្រី ឃុន វ៉ាន់ បញ្ជាក់ប្រាប់សមត្ថកិច្ចថា ម៉ូតូដែលចោរយកទៅបាត់នោះ គាត់បានយកទៅផ្ញើផ្ទះកូនប្រសារឈ្មោះ វ៉ាត់ សុខណា ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅក្នុងភូមិ-សង្កាត់កើតហេតុជាមួយគ្នាដូចសព្វដង ដោយកូនប្រសារប្រាប់ថាម៉ូតូបានចាក់សោរក និងបិទសន្ទះបញ្ឈទុកនៅក្រោមផ្ទះគ្របភួយគ្មានបន្ទុប ហើយខ្លួនបានដេកនៅលើផ្ទះ ដែលមានកម្ពស់ជាង ២ម៉ែត្រ លុះនៅវេលាម៉ោងខាងលើខ្លួនបានចុះមកបត់ជើងតូច ក្រឡេករកមើលម៉ូតូក៏បាត់ស្រមោលឈឹង ក៏ឃើញសត្វឆ្កែរបស់ខ្លួនងាប់រណូករណេលចំនួន ៣ក្បាល និង១ក្បាលទៀតបាត់រកមិនឃើញ ព្រមទាំងឃើញសាច់ប្រឡាក់ថ្នាំ ១កញ្ចប់ នៅក្បែរជញ្ជាំងផ្ទះផងដែរ គ្រានោះក៏មានការផ្អើលឆោឡោតែម្តង លុះព្រឹកឡើងក៏មកដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ចមូលដ្ឋានដើម្បីជួយស្រាវជ្រាវរក ។
ប្រភពខាងលើបានឱ្យដឹងដែរថា ករណីក្រុមចោរធ្វើសកម្មភាពដើរដាក់ថ្នាំបំពុលសត្វយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ បានស្ងប់ស្ងាត់មួយរយៈមកហើយ ឥឡូវលេចមុខកើតឡើងទៀត សុំឱ្យប្រជាពលរដ្ឋសហការជាមួយអាជ្ញាធរឱ្យបានល្អប្រសើរ ហើយករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីវែកមុខរកក្រុមធ្វើសកម្មភាពខាងលើ ដើម្បីយកមកផ្តន្ទាទោសតាមនីតិវិធី ៕
ដោយ៖ បឹុម ពិន
ប៉ឹម ពិន (21-12-2015) មានរូប