ភ្នំពេញ៖ យោងតាមកម្មវិធីដែលបានគ្រោងទុក ហើយបើមិនមានការប្រែប្រួលទេនោះ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ខាងមុខនេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែននឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីតិចណូតែម្តង ។
នេះបើតាមការបញ្ជាក់ឲ្យដឹង ពីលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរ សាធារណៈការ រាជធានីភ្នំពេញ និងមន្ត្រីជំនាញក្រោមឱវាទ ក្នុងឱកាសចុះពិនិត្យសំណង់ការដ្ឋានស្ពានអាកាស កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ និងផ្លូវក្រោមដីតិចណូ ដើម្បីត្រៀមរៀបចំាធ្វើពិធីសម្ពោធជាផ្លូវការ ។
មន្ត្រីសាលារាជធានីភ្នំពេញបានឲ្យដឹងថា ការស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីតិចណូ រហូតមកដល់ពេលនេះបានរួចរាល់ហើយ នឹងត្រូវសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ឆាប់ៗនេះ ។ គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីតិចណូនេះ មានស្ពានអាកាសមេប្រវែង៣៨២ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ផ្លូវក្រោមដីមានប្រវែង៣៥៦ម៉ែត្រ ទទឹងពី៦ទៅ៨ម៉ែត្រ ផ្លូវអមស្ពានប្រវែងសរុប៨២៥ម៉ែត្រ ទទឹង៥,៥ម៉ែត្រ ស្ថិតនៅប្រសពមហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីគីមអ៊ីលស៊ុង និងមហាវិថីម៉ៅសេទុងត្រង់ប្រសព្វគ្នាត្រង់ភ្លើងស្តុបតិចណូ ។
សូមបញ្ជាក់ថា ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន ជ្រោយចង្វារទី២កន្លងមក សម្តេចតេជោនាយករដ្ឋមន្រ្តី បានប្រកាសឲ្យបើកដំណើរការបណ្តោះអាសន្នស្ពានអាកាសតិចណូ ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា តទៅដើម្បីសម្រួលចរាចរណ៍ក្នុងព្រះរាជពិធីបុណ្យអុំទូក និងទទួលលោកនាយករដ្ឋមន្រ្តីរុស្ស៊ុ ឌីមីទ្រី ម៉េដវ៉េឌីវ Dmitry Medvedev ដែលមកទស្សនកិច្ចផ្លូវការនៅថ្ងៃទី២៣-២៤វិច្ឆិកា ។
ស្ពានអាកាសតិចណូត្រូវបានរដ្ឋាភិបាល បើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ។ ជាស្ពានអាកាសទី៤ បន្ទាប់ពីស្ពានអាកាសក្បាលថ្នល់ ស្ទឹងមានជ័យ និងស្ពានអាកាស៧មករា ដែលសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា(OCIC)ត្រួតពិនិត្យបច្ចេកទេសដោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ មានរយៈពេល១៦ខែ ដែលត្រូវចំណាយថវិកាសាងសង់ ១៤.៥០២.៤៧៦ដុល្លារ បានមកពីគម្រោងវិនិយោគនានារបស់ក្រុមហ៊ុន OCIC ៕
...
ដោយ៖ សំរិត