ខេត្តត្បូងឃ្មុំ ៖ រថយន្ត២គ្រឿងបានបុកគ្នាបណ្តាលរបួសធ្ងន់ម្នាក់ និងរថយន្តទាំង២បានខ្ទេចមួយកំណាត់មុខ បង្កហេតុឡើងដោយភាគីអ្នកបើកបររថយន្តសាំយុងបានរេចង្កូតមកស្តាំដៃភាគីម្ខាងទៀតកំពុងធ្វើចរាចរណ៍បញ្ច្រាសទិសគ្នា ខណៈហេតុការណ៍នេះគេសង្ស័យថា ភាគីបង្កហេតុស្រវឹងស្រា ឬអាចធ្វេសប្រហែសក្នុងការបញ្ជាចង្កូតរថយន្ត ។
មន្ត្រីនគរបាលចរាចរបម្រើការងារប្រចាំនៅផ្លូវជាតិលេខ៧ឲ្យដឹងថា កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃព្រហស្បតិ៍ ៣កើតខែ អាសាឍ ឆ្នាំកុរ ឯកស័កព.ស២៥៦២៣ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៧៣ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រ០០-០១ ស្ថិតនៅចំណុចមុខដីភូមិឈ្មោះ ជាន តាំងឡេង ភេទប្រុស ស្ថិតនៅភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រវាងរថយន្តនិងរថយន្តទិសដៅបញ្ច្រសគ្នា ។
នគរបាលថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងរវាងរថយន្តម៉ាកសាំយ៉ុង ពណ៌បៃតង ចាស់ ពាក់ស្លាកលេខភ្នំពេញ 2AB-2453 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្នុងដំណើរពីជើងទៅត្បូង ។ លុះអ្នកបើកបរធ្វើដំណើរមកដល់កន្លែងកើតហេតុ រថយន្តម៉ាកសាំយ៉ុងរេចង្កូតពីឆ្វេងដៃរបស់ខ្លួនមកស្ដាំស្ដាំគេ បណ្តាលឲ្យទៅបុករថយន្តម៉ាកឡិចស៊ីសRX400 ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AJ- 2507 ។ រថយន្តនេះបើកបរដោយឈ្មោះ ហ៊ីម ស៊ីបូណា ភេទប្រុស អាយុ៤០ឆ្នាំ ជាតិខ្មែរ នៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី (គ្មានរបួស) និងអ្នករួមដំណើរឈ្មោះ ភិន មករា ភេទប្រុស អាយុ៣៣ឆ្នាំ ជាតិខ្មែរ នៅភូមិបឹង ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត របួសធ្ងន់ ។
នគរបាលបញ្ជាក់ថា ចំពោះជនបង្កហេតុអ្នកបើកបររថយន្តសាំយ៉ុង បន្ទាប់ពីដឹងថាខ្លួនបើកបរខុសច្បាប់ចរាចរណ៍ បង្កគ្រោះថ្នាក់ដល់អ្នកដទៃបានរត់គេចខ្លួនពីការទទួលខុសត្រូវ ។ តែទោះយ៉ាងណានគរបាលអះអាងថា នឹងស្រាវជ្រាវរកអត្តសញ្ញាណជនបង្ក តាមរយៈការសហការជាមួយមន្ត្រីក្រសួងសាធារណការ ដើម្បីពិនិត្យលើស្លាកលេខរកម្ចាស់រថយន្តតាមផ្លូវច្បាប់ ៕ ដោយ ៖ វណ្ណៈ