ឥណ្ឌូ​នេ​ស៊ី​ចាប់ខ្លួន​មនុស្ស​៧​នាក់​សង្ស័យ​រៀប​គម្រោង​វាយប្រហារ​ថ្ងៃ​បុណ្យ​គ្រី​ស្ទ​មាស់​

ចែករំលែក៖

​ប៉ូលិស​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ កាលពី​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១៥​បាន​បញ្ជាក់​ថា​ កងកម្លាំង​ប្រឆាំង​ភេរវកម្ម​បាន​ចាប់ខ្លួន​បុរស​៧​នាក់​សង្ស័យ​រៀប​គម្រោងការ​វាយប្រហារ​ថ្ងៃ​បុណ្យ​គ្រី​ស្ទ​មាស់​នៅ​ក្នុង​ប្រទេស​នេះ​ ដែល​ជា​ប្រទេស​ដែល​មាន​ពលរដ្ឋ​កាន់សាសនា​មូ​ស្លី​ម​ច្រើន​ជាងគេ​បំផុត​នៅ​ក្នុង​ពិភពលោក​ ។​

21

​ស្នងការ​ប៉ូលិស​ក្នុង​តំបន់​ លោក​ Andi​ Rifai​ បាន​ថ្លែង​ថា​ ជន​ដែល​ត្រូវ​ចាប់ខ្លួន​ទាំងនោះ​ រួម​មានឈ្មោះ​ Abdul​ Karim​ ឬ​ដែល​គេ​ស្គាល់ឈ្មោះ​ថា​ Abu​ Jundi​ ផង​ដែរ​ត្រូវ​ចាប់ខ្លួន​កាលពី​ចុង​ស​ប្តា​ហ៍​មុន​ ស្ថិត​នៅ​ក្នុង​តំបន់​ Sukoharjo​ រដ្ឋធានី​ភាគ​កណ្តាល​នៃ​ខេត្ត​ Java​ ។​

​ប្រភព​ពី​ស្នងការ​ប៉ូលិស​ដដែល​បាន​បន្ត​ថា​ Jundi​ ជា​មនុស្ស​ម្នាក់​ដែល​មាន​ជំនាញ​យ៉ាង​ពិតប្រាកដ​នៅ​ក្នុង​ការ​បាញ់កាំភ្លើង​ និង​ការ​ផលិត​គ្រាប់​ផ្ទុះ​ ដោយសារ​តែ​រូបគេ​ជា​សមាជិក​ក្រុម​ Jemaah​ Islamiyah​ ដែល​ជា​បណ្តាញភេរវកម្ម​អាល់​កៃ​ដា​ប្រចាំ​នៅ​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​ និង​ជា​ក្រុម​ដែល​គេ​ដឹង​ថា​ បាន​វាយប្រហារ​បំផ្ទុះ​គ្រាប់បែក​សម្លាប់​រង្គាល​ នៅ​ក្នុង​ក្លឹ​បរា​ត្រី​មួយ​កន្លែង​ស្ថិត​នៅ​តំបន់​រមណីយដ្ឋាន​កោះ​បាលី​ ក្នុង​ឆ្នាំ​២០០២​ ។​

​ពាក់ព័ន្ធ​ជាមួយ​គ្នា​នេះ​ដែរ​ ស្នងការ​ប៉ូលិស​នៅ​តំបន់​ Mojokerto​ លោក​ Budhi​ Herdi​ Susianto​ បាន​ថ្លែង​ថា​ កាលពី​ថ្ងៃអាទិត្យ​ កម្លាំង​ប្រឆាំង​ក្រុម​ភេរវកម្ម​ឥណ្ឌូ​នេ​ស៊ី​បាន​ចាប់ខ្លួន​បុរស​៣​នាក់​ ដែល​ជា​ក្រុម​មួយ​មាន​ទីតាំង​លាក់ខ្លួន​នៅ​ក្នុង​តំបន់​ Mojokerto​ ក្នុង​ខេត្ត​ East​ Java​ របស់​ឥណ្ឌូ​នេ​ស៊ី​កាលពី​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​

​ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ​ដែរ​ ប៉ូលិស​បាន​រឹបអូស​ឧបករណ៍​ផលិត​គ្រឿងផ្ទុះ​ពី​លំនៅ​ឋាន​របស់​បុរស​ទាំងនេះ​ ប៉ុន្តែ​រក​មិនឃើញ​គ្រាប់បែក​នោះ​ទេ​ ។​

​ស្នងការ​ប៉ូលិស​ Susianto​ បាន​ថ្លែង​ថា​ ក្រុម​ភេរវ​ករ​បាន​ប្រើប្រាស់​អ៊ី​-​ម៉ែ​ល​ និង​ទូរស័ព្ទ​ជា​មធ្យោបាយ​ទាក់ទង​គ្នា​ក្នុង​ការ​រៀប​គម្រោង​វាយប្រហារ​ភេរវកម្ម​អំឡុង​បុណ្យ​ណូអែល​ខាង​មុខ​ ។​ លោក​ Susianto​ បាន​ថ្លែង​យ៉ាង​សង្ខេប​ជាមួយ​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ ការ​ស៊ើបអង្កេត​របស់​ប៉ូលិស​បាន​រក​ឃើញ​ថា​ ពួក​គេ​រៀប​ផែនការ​វាយប្រហារ​ភេរវកម្ម​អំឡុង​បុណ្យ​គ្រី​ស្ទ​មាស់​ ។​

​ឥណ្ឌូ​នេ​ស៊ី​ជា​ប្រទេស​ដែល​មាន​ពលរដ្ឋ​កាន់សាសនា​មូ​ស្លី​ម​ច្រើន​ជាងគេ​បំផុត​នៅ​ក្នុង​ពិភពលោក​ ។​ ប្រទេស​នេះ​ទទួល​រង​ការ​គំរាមកំហែង​ភេរវកម្ម​ពី​បណ្តាញភេរវកម្ម​ Jemaah​ Islamiyah​ ។​ បណ្តាញភេរវកម្ម​នេះ​កាលពី​ឆ្នាំ​២០០២​បាន​វាយប្រហារ​ភេរវកម្ម​ដោយ​បំផ្ទុះ​គ្រាប់បែក​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​កោះ​បាលី​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​២០២​នាក់​ ភាគច្រើន​គឺជា​ភ្ញៀវ​ទេសចរណ៍​បរទេស​ ។​ រដ្ឋាភិបាល​ បាន​ដាក់​គោលការណ៍​រឹត​បន្តឹង​សន្តិសុខ​អំឡុង​ឆ្នាំ​កន្លង​មកនេះ​ មិន​ថា​យប់​ ឬ​ថ្ងៃ​នោះ​ឡើយ​ ទើប​មាន​សភាពការណ៍​ថមថយ​ស្តី​អំពី​ការ​វាយប្រហារ​ភេរវកម្ម​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ ជា​ ពិសេស​ការ​វាយប្រហារ​របស់​ក្រោម​ភេរវកម្ម​ដែល​ភាគច្រើន​សំដៅ​ទៅ​លើ​អាជ្ញាធរ​រដ្ឋាភិបាល​ កងកម្លាំង​ប៉ូលិស​ និង​កងកម្លាំង​ប្រឆាំង​ភេរវកម្ម​នោះ​ ។​

​រដ្ឋាភិបាល​ឥណ្ឌូ​នេ​ស៊ី​បាន​បញ្ជាក់​ថា​ នឹង​ដាក់​ពង្រាយ​កងកម្លាំង​សន្តិសុខ​ប្រមាណ​ជាង​១៥០.០០០​នាក់​ដើម្បី​ធានា​ដល់​សន្តិសុខ​ និង​សុវត្ថិភាព​នៅ​តាម​ទីតាំង​ព្រះ​វិហារ​ ទីតាំង​សាធារណៈ​នៅ​ទូ​ទាំង​ប្រទេស​អំឡុង​បុណ្យ​គ្រី​ស្ទ​មាស់​នេះ​ ៕​

d34

indonesia

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print