ប៉ូលិសប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥បានបញ្ជាក់ថា កងកម្លាំងប្រឆាំងភេរវកម្មបានចាប់ខ្លួនបុរស៧នាក់សង្ស័យរៀបគម្រោងការវាយប្រហារថ្ងៃបុណ្យគ្រីស្ទមាស់នៅក្នុងប្រទេសនេះ ដែលជាប្រទេសដែលមានពលរដ្ឋកាន់សាសនាមូស្លីមច្រើនជាងគេបំផុតនៅក្នុងពិភពលោក ។
ស្នងការប៉ូលិសក្នុងតំបន់ លោក Andi Rifai បានថ្លែងថា ជនដែលត្រូវចាប់ខ្លួនទាំងនោះ រួមមានឈ្មោះ Abdul Karim ឬដែលគេស្គាល់ឈ្មោះថា Abu Jundi ផងដែរត្រូវចាប់ខ្លួនកាលពីចុងសប្តាហ៍មុន ស្ថិតនៅក្នុងតំបន់ Sukoharjo រដ្ឋធានីភាគកណ្តាលនៃខេត្ត Java ។
ប្រភពពីស្នងការប៉ូលិសដដែលបានបន្តថា Jundi ជាមនុស្សម្នាក់ដែលមានជំនាញយ៉ាងពិតប្រាកដនៅក្នុងការបាញ់កាំភ្លើង និងការផលិតគ្រាប់ផ្ទុះ ដោយសារតែរូបគេជាសមាជិកក្រុម Jemaah Islamiyah ដែលជាបណ្តាញភេរវកម្មអាល់កៃដាប្រចាំនៅតំបន់អាស៊ីភាគអាគ្នេយ៍ និងជាក្រុមដែលគេដឹងថា បានវាយប្រហារបំផ្ទុះគ្រាប់បែកសម្លាប់រង្គាល នៅក្នុងក្លឹបរាត្រីមួយកន្លែងស្ថិតនៅតំបន់រមណីយដ្ឋានកោះបាលី ក្នុងឆ្នាំ២០០២ ។
ពាក់ព័ន្ធជាមួយគ្នានេះដែរ ស្នងការប៉ូលិសនៅតំបន់ Mojokerto លោក Budhi Herdi Susianto បានថ្លែងថា កាលពីថ្ងៃអាទិត្យ កម្លាំងប្រឆាំងក្រុមភេរវកម្មឥណ្ឌូនេស៊ីបានចាប់ខ្លួនបុរស៣នាក់ ដែលជាក្រុមមួយមានទីតាំងលាក់ខ្លួននៅក្នុងតំបន់ Mojokerto ក្នុងខេត្ត East Java របស់ឥណ្ឌូនេស៊ីកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ ។
ក្នុងប្រតិបត្តិការខាងលើនេះដែរ ប៉ូលិសបានរឹបអូសឧបករណ៍ផលិតគ្រឿងផ្ទុះពីលំនៅឋានរបស់បុរសទាំងនេះ ប៉ុន្តែរកមិនឃើញគ្រាប់បែកនោះទេ ។
ស្នងការប៉ូលិស Susianto បានថ្លែងថា ក្រុមភេរវករបានប្រើប្រាស់អ៊ី-ម៉ែល និងទូរស័ព្ទជាមធ្យោបាយទាក់ទងគ្នាក្នុងការរៀបគម្រោងវាយប្រហារភេរវកម្មអំឡុងបុណ្យណូអែលខាងមុខ ។ លោក Susianto បានថ្លែងយ៉ាងសង្ខេបជាមួយក្រុមអ្នកយកព័ត៌មានថា ការស៊ើបអង្កេតរបស់ប៉ូលិសបានរកឃើញថា ពួកគេរៀបផែនការវាយប្រហារភេរវកម្មអំឡុងបុណ្យគ្រីស្ទមាស់ ។
ឥណ្ឌូនេស៊ីជាប្រទេសដែលមានពលរដ្ឋកាន់សាសនាមូស្លីមច្រើនជាងគេបំផុតនៅក្នុងពិភពលោក ។ ប្រទេសនេះទទួលរងការគំរាមកំហែងភេរវកម្មពីបណ្តាញភេរវកម្ម Jemaah Islamiyah ។ បណ្តាញភេរវកម្មនេះកាលពីឆ្នាំ២០០២បានវាយប្រហារភេរវកម្មដោយបំផ្ទុះគ្រាប់បែកនៅក្នុងតំបន់រមណីយដ្ឋានកោះបាលីបណ្តាលឲ្យស្លាប់មនុស្ស២០២នាក់ ភាគច្រើនគឺជាភ្ញៀវទេសចរណ៍បរទេស ។ រដ្ឋាភិបាល បានដាក់គោលការណ៍រឹតបន្តឹងសន្តិសុខអំឡុងឆ្នាំកន្លងមកនេះ មិនថាយប់ ឬថ្ងៃនោះឡើយ ទើបមានសភាពការណ៍ថមថយស្តីអំពីការវាយប្រហារភេរវកម្មបណ្តាលឲ្យស្លាប់មនុស្ស ជា ពិសេសការវាយប្រហាររបស់ក្រោមភេរវកម្មដែលភាគច្រើនសំដៅទៅលើអាជ្ញាធររដ្ឋាភិបាល កងកម្លាំងប៉ូលិស និងកងកម្លាំងប្រឆាំងភេរវកម្មនោះ ។
រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបញ្ជាក់ថា នឹងដាក់ពង្រាយកងកម្លាំងសន្តិសុខប្រមាណជាង១៥០.០០០នាក់ដើម្បីធានាដល់សន្តិសុខ និងសុវត្ថិភាពនៅតាមទីតាំងព្រះវិហារ ទីតាំងសាធារណៈនៅទូទាំងប្រទេសអំឡុងបុណ្យគ្រីស្ទមាស់នេះ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត