មនុស្សយ៉ាងតិច១៣នាក់ ក្នុងនោះមានអ្នកទេសចរណ៍ម៉ាឡេស៊ី កាត់ចិនផងដែរបានបាត់បង់ជីវិតកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ នៅបន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងដឹកអ្នកដំណើរបានធ្លាក់ចេញពីផ្លូវជាតិ ក្នុងប្រទេសថៃ ដែលជាប្រទេសមួយមានគ្រោះថ្នាក់ច្រើនបំផុតនៅពិភពលោកស្តីអំពីគ្រោះថ្នាក់នៅតាមផ្លូវគោក នោះ ។
ការស៊ើបអង្កេតបានរកឃើញថា គ្រោះថ្នាក់បានកើតឡើងភ្លាមៗនៅវេលាម៉ោងរសៀល ថ្ងៃអាទិត្យ ទី២០ ខែធ្នូ ស្ថិតនៅក្នុងស្រុក Doi Saket ចម្ងាយ៣០គីឡូម៉ែត្រភាគខាងជើងទីក្រុងឈៀងម៉ៃ ។
មន្ត្រីនៅក្នុងតំបន់បានបង្ហើបថា ជនរងគ្រោះបាត់បង់ជីវិតមានចំនួន១៣នាក់ ក្នុងនោះស្ត្រី៨នាក់ និងបុរស៥នាក់ ។ អ្នករួមដំណើរក្នុងរថយន្តមានជនជាតិចិន ម៉ាឡេស៊ី និងថៃ ។
ប៉ូលិសថៃអះអាងថា ជនរងគ្រោះជាជនជាតិចិន ប៉ុន្តែទីភ្នាក់ងារព័ត៌មានស៊ីនហួបានផ្សាយដោយដកស្រង់ប្រភពពីមន្ត្រីកុងស៊ុលចិនប្រចាំនៅទីក្រុងឈៀងម៉ៃអះអាងថា ពុំមានជនជាតិចិនណាម្នាក់ត្រូវបាត់បង់ជីវិតដោយសារហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនោះឡើយ ។
រូបភពជាច្រើនត្រូវផ្សព្វផ្សាយនៅលើបណ្តាញព័ត៌មាននានាបង្ហាញឲ្យឃើញថា ក្រុមជួយសង្គ្រោះកំពុងមមាញឹកនៅក្នុងការគាស់កកាយអូសយកសាកសពចេញពីគ្រោងដែករថយន្តដែលបែកបាក់ ។
អ្នករងរបួសខ្លះនៅជាប់ខាងក្នុងរថយន្តនៅឡើយ ខណៈដែលសាកសព៨នាក់ត្រូវក្រុមជួយសង្គ្រោះអូសចេញហើយដាក់តម្រៀមគ្នាជាជួរ និងគ្របកំណាត់សមើលទៅគួរឲ្យអាណោចអាធ័មបំផុត ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍តាមផ្លូវគោកនៅក្នុងប្រទេសថៃបានកើតឡើងជាហូរហែពីមួយថ្ងៃទៅមួយថ្ងៃ ក្លាយទៅជារឿងធម្មតាទៅហើយ ។ អង្គការសុខភាពពិភពលោក បានសិក្សាស្រាវជ្រាវស្តីអំពីសុវត្ថិភាពតាមផ្លូវថ្នល់នៅលើពិភពលោកបានរកឃើញថា នៅក្នុងឆ្នាំ២០១៥ ប្រទេសថៃគឺជាប្រទេសដែលមានគ្រោះថ្នាក់តាមផ្លូវថ្នល់បំផុតលំដាប់ទីពីរក្នុងលោក ដែលបានបណ្តាលឲ្យមនុស្ស៣៦.២នាក់បាត់បង់ជីវិត ក្នុងចំណោមមនុស្ស១០០.០០០នាក់ ។
ប្រភពដដែលនេះបន្តថា តួលេខរបស់មន្ត្រីរដ្ឋាភិបាលស្តីអំពីគ្រោះថ្នាក់តាមផ្លូវគោកនៅប្រទេសថៃក្នុងឆ្នាំ២០១២ ដែលជាតួលេខថ្មីក្រោយគេបំផុតបញ្ជាក់ថា អ្នករងគ្រោះដល់អាយុជីវិតមាន១៤.០៥៩នាក់ ។ ប៉ុន្តែតួលេខនេះត្រូវអង្គការសុខភាពពិភពលោកអះអាងថា មិនទាន់ត្រឹមត្រូវប្រាកដនៅឡើយ ហើយថា បើវាស់ស្ទង់តាមបែបបច្ចេកវិទ្យាទំនើបនោះរកឃើញតួលេខពិតប្រាកដថា ជនរងគ្រោះមានរហូតដល់២៤.០០០នាក់ក្នុងមួយឆ្នាំ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត