ខេត្តព្រៃវែង ៖ យ៉ាងតិចមានមនុស្ស៣នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យរបួសធ្ងន់ស្រាលហើយបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារតែអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយបញ្ជាចង្កូតលែងបានរេមកបុករថយន្តមួយគ្រឿងទៀត ដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាសទិសគ្នា ចំពីមុខយ៉ាងពេញទំហឹងតែម្តង ។
ប្រភពព័ត៌មានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៧និង៥នាទីព្រឹក ត្រង់ចំណុចភូមិបី ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង លើផ្លូវជាតិលេខ1(ចន្លោះគីឡូម៉ែត្រ96-97) ។
ព័ត៌មានបញ្ជាក់ថា ករណីនេះបង្កឡើងដោយរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ៥តោន (ដឹកដី) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3A-8874 បើកបរដោយឈ្មោះ អៀន សំណាង ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិមហា ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ លី រដ្ឋា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិទ្រមុះ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ លុះបើកបរមកដល់ចំណុចខាងលើ រថយន្តរេចង្កូតទៅបុករថយន្ត១គ្រឿងទៀត ម៉ាកហ៊ីយុងដាយ ចំណុចះ៥តោន (ដឹកទំនិញ) ពណ៌ស គ្មានស្លាកលេខ ចំពីមុខពេញទំហឹង បើកបរដោយឈ្មោះ ងាន់ ណយ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិក្បាលតំរី ឃុំត្រពាំងធ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បណ្តាលអោយអ្នកបើករថយន្តដឹកដីដែលបានបង្ក រងរបួសធ្ងន់ទាំងពីនាក់ ចំណែកអ្នកបើករថយន្តដឹកទំនិញរងរបួសស្រាល ។
ចំពោះជនរងគ្រោះ សមត្ថកិច្ចបានបញ្ជូនទៅព្យាបាលនៅពេទ្យបង្អែកស្រុកកំពង់ត្របែក ។ រីឯវត្ថុតាង នាំ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលបស្រុកកំពង់ត្របែក ដើម្បីចាត់ការទៅតាមនីតិវិធី ៕NKD