បច្ចុប្បន្ន យន្តហោះចម្បាំងទំនើបបំផុត របស់អាមេរិក F-35 មានសមត្ថភាព ប្រហាក់ប្រហែល និងយន្តហោះចម្បាំង របស់រុស្ស៊ី Su-57ដែលជាការចង់បានរបស់បណ្តាប្រទេសជាច្រើនជុំវិញពិភពលោក ។ ប៉ុន្តែយន្តហោះចម្បាំង Su-57របស់រុស្ស៊ីទទួលបានការចាប់អារម្មណ៍ ច្រើនជាងគេដោយសារតែ មានតម្លៃថោក ។ ចំណែកយន្តហោះចម្បាំងរបស់បណ្តាប្រទេសអ៊ឺរ៉ុប មានតម្លៃថ្លៃជាងគេ ។
ចំពោះយន្តហោះចម្បាំងទំនើបរបស់បារាំង មានតម្លៃថ្លៃជាងគេបំផុត ជិត ៣០០លានដុល្លារក្នុងមួយគ្រឿង ។ចំណែករបស់រុស្ស៊ីមានតែជាង៣០លានដុល្លារប៉ុណ្ណោះក្នុងមួយគ្រឿង ។
យន្តហោះចម្បាំងដ៏ទំនើប ជំនាន់ទី៤ របស់បារាំងមានតម្លៃខ្ពស់ជាងយន្តហោះ ចម្បាំងទំនើបបំផុតរបស់អាមេរិក F-35 ដល់ទៅ៣ដង និងមានតម្លៃថ្លៃជាង យន្តហោះចម្បាំង Su-57 របស់រុស្ស៊ីដល់ទៅ៩ដង ។ បើទោះបីមានតម្លៃថ្លៃខ្ពស់ប៉ុណ្ណា ក៏មានអតិថជនទិញនោះដែរ ។
សារព័ត៌មាន Sina របស់ចិនបានផ្សាយថា យន្តហោះចម្បាំងប្រភេទ Dassault Rafale ដែលបារាំង នឹងបញ្ចូនទៅឲ្យអតិថិជន ប្រទេស កាតា នៅពេលខាងមុខ មានតម្លៃថ្លៃជាងគេបំផុត ក្នុងចំណោមយន្តហោះចម្បាំងទំនើបៗបំផុតលើពិភពលោក។
តាមគម្រោងយន្តហោះ Dassault Rafale នឹងផ្តល់ជូនប្រទេស កាតា នៅឆ្នាំ២០២៣ ដោយមានតម្លៃសរុបរហូតដល់ទៅ៣៥គ្រឿង មានទឹកប្រាក់សរុបដល់ទៅ១០,៧ពាន់លានដុល្លារ រួមទាំងអាវុធ គ្រាប់រំសេវជាច្រើនទៀត ។ បើគិតក្នុងមួយគ្រឿងៗ មានតម្លៃជិត ៣០០លានដុល្លារ។
ចំណែកយន្តហោះចម្បាំងជំនាន់ទី៥ F-35 របស់អាមេរិក មានតម្លៃតែ១០០លានដុល្លារប៉ុណ្ណោះ ហើយបើយន្តហោះជំនាន់ទី៥របស់រុស្ស៊ីដូចគ្នា គឺSu-57 មានតម្លៃតែ ជាង៣៤លានដុល្លារប៉ុណ្ណោះ ។ ទាំងនោះបង្ហាញឲ្យឃើញថាយន្តហោះចម្បាំង របស់បារាំងមានតម្លៃថ្លៃខ្ពស់ជាងគេបង្អស់លើពិភពលោក។
ប៉ុន្តែចំពោះយន្តហោះចម្បាំងដែលមានតម្លៃថ្លៃបំផុតរបស់បារាំង នោះ គឺមិនមែនតែយន្តហោះនោះឡើយ គឺមានទាំងអាវុធ ដែលបំពាក់នៅលើយន្តហោះស្រាប់ មានមីស៊ីលគ្រាប់រំសេវ ជាច្រើន ដែលអាចវាយប្រហារ បានដោយមិនចាំបាច់ទិញមីស៊ីលមកបំពាក់ទៀតឡើយ ៕