ខេត្តក្រចេះ ៖ ជារឿងគួរអោយសោកស្តាយពន់ពេក ដោយសារ តែសត្វផ្សោតមួយក្បាលបានងាប់ នៅថ្ងៃចន្ទនេះ ស្ថិតក្នុងភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី ទីរួមខេត្តខេត្តក្រចេះ ។
ពត៌មានអោយដឹងថា សាកសពសត្វផ្សោត ត្រូវបានយកមករក្សាទុកនៅក្នុងទូរទឹកកកនៅឯការិយាល័យ WWF-ប្រចាំខេត្តក្រចេះ ដើម្បីទុកធ្វើកោសល្យវិច័យ។ ក្រុមការងារស្រាវជ្រាវរួមដែលមានរដ្ឋបាលជលផល និងអង្គការ WWF បានធ្វើការសន្និដ្ឋានជាបឋមថាសត្វផ្សោតនោះ ងាប់ដោយសារជាប់ម៉ង ព្រោះមានស្នាមម៉ង នៅកន្ទុយរបស់វា។
ផ្សោតនោះមានទំងន់ ១០៤ គីឡូក្រាម មានប្រវែងសរុប ១,៩៨ ម៉ែត្រ និងអាយុប្រហាក់ប្រហែលចន្លោះពី ១៥-១៨ ឆ្នាំ។
កត់សម្គាល់ឃេីញថា សត្វផ្សោតដែលស្លាប់នេះ ជាសត្វផ្សោតទី ៥ ហើយ ដែលបានត្រូវគេប្រទះឃើញងាប់តាំងពីខែមករា ឆ្នាំ ២០១៩ រហូតមកដល់បច្ចុប្បន្ន ហើយចំនួនកូនផ្សោតដែលកើតក្នុងកំឡុងពេលដូចគ្នានេះគឺមានចំនួន ៩ក្បាល។
កន្លងមកក៏បច្ចប្បន្នមន្ត្រីជំនាញតែងបានក្រេីនរំឭកដូច្នេះថា ការដាក់ម៉ងនៅក្នុងតំបន់អភិរក្ស គឺជាកត្តាចំបងដែលធ្វើអោយមានការងាប់សត្វផ្សោតទន្លេមេគង្គ។ យើងខ្ញុំសូមអំពាវនាវ សូមកុំអោយមានការនេសាទខុសច្បាប់ក្នុងតំបន់អភិរក្សដើម្បីការពារសត្វផ្សោតទន្លេមេគង្គដែលជាបេតិកភណ្ឌមានជីវិតដ៏មានតម្លៃរបស់ប្រទេសយើង ៕