គួរអោយរន្ធត់…ខណៈមន្រ្តីយោធា២នាក់ សុំមេបញ្ជាការទៅព្យាបាលជំងឺ កំពុងបើកម៉ូតូស្រាប់តែបាក់ស្ពានស្រុតដីធ្លាក់ចូលទឹកហូរគួចយកទៅបាត់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ គ្រោះថ្នាក់មើលឃើញ ហើយមនុស្សគ្រប់រូប តែងព្យាយាមជៀសអោយផុត ទាំងជម្ងឺ និងឧប្បត្តិហេតុផ្សេងៗ ក៏ដូចជាខំសាងល្អ ធ្វើបុណ្យដាក់បាតសន្សំកុសល ។ ផ្ទុយទៅវិញអនុភាពកម្មផល ធ្វើអោយមនុស្សគ្រោះថ្នាក់ដល់ជីវិតត្រឹមតែមួយពព្រិចភ្នែក ជាមួយនិងមច្ចុប្បន្នធម្មជាតិអំណាចទឹកហូរ។

ជាក់ស្តែងមានមន្រ្តីយោធា២នាក់ បានសុំច្បាប់លោកមេបញ្ជាការទៅព្យាបាលជម្ងឺ ខណៈកំពុងបើកម៉ូតូឌុបគ្នាឆ្លងស្ពានឈើមួយកន្លែង ដែលធ្វើសម្រាប់អោយបើកឆ្លងកាត់បណ្តោះអាសន្ន ស្ថិតនៅចំណុចអូរមា ផ្លូវ១០១ ភូមិញុំងស៊ុ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ចំពេលដែលទឹកកំពុង ហូរគួចខ្លាំងក្រោមស្ពាន ស្រាប់តែបណ្តាលឲ្យបាក់ស្រុត ធ្វើឲ្យពួកគេធ្លាក់ចូលទឹកទាំងមនុស្ស និងម៉ូតូតែម្តងកាលពីព្រឹកម្សិលមិញ រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ក្រុមគ្រួសារសាច់ញាតិ សមត្ថកិច្ច មិនទាន់រកឃើញនៅឡើយ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ តារា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានថ្លែងប្រាប់បណ្តាញសារព័ត៌មានថា៖ គិតត្រឹមរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ ជនរងគ្រោះទាំង២នាក់ មិនទាន់រកឃើញនៅឡើយទេ មិនដឹងថាស្លាប់ឬយ៉ាងណានោះឡើយ។

ហេតុការដ៏រន្ធត់នេះ ត្រូវបានគេថតបាន និងត្រូវបានចែកចាយតគ្នាពេញបណ្តាញសង្គម បង្កើតឲ្យមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំងចំពោះក្រុមគ្រួសារជនរងគ្រោះ។ លោកឧត្តមសេនីយ៍ស្នងការ ក៏បានស្នើដល់​បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេសេកុង សហការជាមួយនគរបាលរបស់លោក ជួយស្វែង​រក​ជនរងគ្រោះដែលបានបាត់ខ្លួននោះភ្លាមៗផងដែរ។

បើតាមរបាយការណ៍របស់ស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែង បានបង្ហាញថា៖ ជនរងគ្រោះទាំងពីរនាក់រួមមាន៖

ទី១-ឈ្មោះ សុខ សុវណ្ណឌី
ទី២-ឈ្មោះ ភី នីដាលិ។ អ្នកទាំងពីរបច្ចុប្បន្នបម្រើការងារក្នុងអង្គភាព កងអនុសេនាធំទី៣ វរសេនាតូច កាំភ្លើងធំ បញ្ជាការស្រាលយោធភូមិភាគទី១ ប្រចាំការនៅភូមិសាស្ត្រអូរអាឡៃ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នាព្រឹកថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០១៩ ពួកគេទាំងពីរនាក់ បានជិះម៉ូតូចេញទៅពិនិត្យសុខភាព តែខណៈធ្វើដំណើរឆ្លងកាត់នៅចំណុចស្ពានអូរមា ក្នុងភូមិសាស្ត្រអូរអាឡៃ ព្រំដែនកម្ពុជា-ឡាវ បានបាក់ធ្លាក់ចូលពេលទឹកកំពុងហូរខ្លាំងតែម្តង។ ពេលទឹកគួចយកបុរសទាំង២ មានប្រជាពលរដ្ឋរត់ទៅជួយដែរ តែរកមិនឃើញ ទៅមិនទាន់ ដោយអំណាចទឹកគួចមានល្បឿនលឿនខ្លាំង នាំទាំងមនុស្សនិងម៉ូតូរសាត់តាមទឹកតែម្តង។

យោងតាមមន្ត្រីយោធានៅយោធភូមិភាគទី១ បានឱ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ កំពុងតែធ្វើដំណើរទៅកាន់មន្ទីរពេទ្យ ដោយសារមន្ត្រីយោធាដែលជិះពីខាងក្រោយកំពុងកើតមានជំងឺគ្រុនចាញ់ និងញ័រញាក់ខ្លាំង ក៏ព្យាយាមយកទៅព្យាបាល តែជាអកុសលពួកគេបានជួបឧប្បត្តិហេតុដ៏អាក្រក់បែបនេះទៅវិញ៕ ដោយ៖ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print