អាជ្ញាធរប្រកាសបិទចរាចរណ៍ទាំងស្រុងលើផ្លូវតភ្នំកូលែនពីផ្លូវឡើងស្រុកស្វាយលើ

ចែករំលែក៖

ខេត្តសៀមរាប ៖ បន្ទាប់ពីកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ផ្ទួនៗគ្នាកន្លងមកថ្មីៗនេះ អាជ្ញាធរជាតិអប្សរាបានសម្រេចបិទផ្លូវទាំងស្រុង ចាប់ពីចំណុចផ្លូវឡើងពីស្រុកស្វាយលើរហូតដល់ភូមិតាពេញ ។ ការអនុវត្តគិតចាប់ពីថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ តទៅនេះ រហូតស្ថាបនារួចរាល់ជាស្ថាពរ លើកលែងតែប្រជាជនដែលរស់នៅលើខ្នងភ្នំគូលែន ដែលមានលិខិតឆ្លងកាត់ផ្លូវបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានប៉ុណ្ណោះ ។ នេះបើយោងតាមសេចក្តីប្រកាសជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ដែលអង្គភាពសារព័ត៌មាននគរដ្រេហ្គនបានទទួលនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ ។

អាជ្ញាធរអះអាងថា ការប្រកាសបិទផ្លូវមួយខ្សែខាងលើនេះ បន្ទាប់ពីមានកិច្ចប្រជុំពិភាក្សា និងការចុះពិនិត្យជាក់ស្តែងស្តីពីបញ្ហាប្រឈមគ្រោះថ្នាក់នៃការធ្វើចរាចរណ៍លើផ្លូវកំពុងស្ថាបនាលើខ្នងភ្នំគូលែន ខណៈក្រុមការងារបច្ចេកទេសចម្រុះដែលមានសមាសភាពមកពីសាលាខេត្តសៀមរាប មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀម រាប មន្ទីរបរិស្ថានខេត្តសៀមរាប មន្ទីរទេសចរណ៍ខេត្តសៀមរាប ក្រុមហ៊ុន ទ្រី ភាពគ្រុប នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា សាលាស្រុកស្វាយលើ បានសង្កេតរកឃើញថា មានចំណុចបច្ចេកទេសខ្វះខាតមួយចំនួន នៃផ្នែកផ្លូវមិនទាន់មានសុវត្ថិភាពក្នុងការធ្វើចរាចរណ៍នៅឡើយទេ ។ ទីតាំងមួយចំនួននៅមានត្រាប់ត្រួស ដែលអាចបណ្តាលឱ្យរថយន្តក្នុងស្ថានភាពចុះចំណោតងាយរអិល ចំណុចបត់កោងមួយចំនួនទៀតមានសភាពតូចចង្អៀត និងមិនទាន់បានធ្វើជម្រាបសុវត្ថិភាពនៅឡើយជាដើម ។ល។

នៅក្នុងសេចក្តីប្រកាសជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាបានជម្រាបជូន ដល់ក្រសួង មន្ទីរ អង្គភាព ស្ថាប័ន ជាតិ-អន្តរជាតិ សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍សមាគមអ្នកបើកបរដឹកជញ្ជូនភ្ញៀវទេសចរ អ្នកបើកបរដឹកជញ្ជូនភ្ញៀវទេសចរ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់បានមេត្តាជ្រាបជាព័ត៌មាន ។

អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ ក្រុមការងារសម្រេចបិទផ្លូវនេះទាំងស្រុងចាប់ពីចំណុចផ្លូវឡើងពីស្រុកស្វាយលើរហូតដល់ភូមិតាពេញ គិតចាប់ពីថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ តទៅរហូតដល់ផ្លូវនេះ ស្ថាបនារួចរាល់ជាស្ថាពរ លើកលែងតែប្រជាជនដែលរស់នៅលើខ្នងភ្នំគូលែន ដែលមានលិខិតឆ្លងកាត់ផ្លូវបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានប៉ុណ្ណោះ ៕ ដោយ ៖ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print