ក្រុងប៉ោយប៉ែត៖ ពិតជាគួរឲ្យសង្វេគណាស់ ដែលបុរសកម្សត់ម្នាក់ព្រោះតែជួបការលំបាកជីវភាពក្នុងគ្រួសារដាច់ចិត្តទុកកូនស្រីតូចនៅផ្ទះជាមួយប្រពន្ធដែលមានជំងឺប្រចាំកាយរួចខ្លួនបានខ្ចីបុលគេសូកមេខ្យល់នាំទៅធ្វើការនៅប្រទេសថៃយកលុយមកព្យាបាលប្រពន្ធ ។ ប៉ុន្តែពេលធ្វើដំណើរឆ្លងដែនទៅស៊ីឈ្នួលធ្វើពលករនៅថៃត្រូវបានមេខ្យល់បោកប្រាស់យកអស់លុយ ថែមទាំងបោះបង់ខ្លួននៅកណ្តាលព្រៃថែមទៀត ។ លុះពេលធ្វើដំណើរត្រឡប់មកផ្ទះវិញ អ្វីដែលធ្វើឲ្យ បុរសនេះរន្ធត់ចិត្តយំមិនចេញនោះ គឺត្រូវបានអ្នកស្រុកអ្នកភូមិយកធាតុប្រពន្ធរបស់ខ្លួនមកប្រគល់ឲ្យ ហើយប្រាប់ថាប្រពន្ធរបស់ឯងស្លាប់ហើយ ចំណែកកូនស្រីតូច ត្រូវបានអ្នកជិតខាងយកទៅជួយថែរក្សា ។
នៅព្រឹកថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៩ ពេលត្រឡប់មកដល់ផ្ទះវិញបុរសកម្សត់រូបនេះបានរៀបរាប់ប្រាប់គេឯងទាំងក្តុកក្តួលថា គាត់ឈ្មោះ ឌី ចិន អាយុ ៣៥ឆ្នាំ រស់នៅក្នុងភូមិក្បាលស្ពាន១សង្កាត់ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ ឯប្រពន្ធមានឈ្មោះ ថា អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង។ គាត់ទាំងពីរនាក់បានគ្នាជាប្តីប្រពន្ធនៅទីក្រុងប៉ោយប៉ែតដោយស្រលាញ់គ្នាចិត្តនិងចិត្តមិនបានរៀបការអ្វីនោះឡើយ។ ចំពោះការស្រលាញ់និងចាត់ទុកគ្នាជាប្តីប្រពន្ធនេះមានរយៈពេលជាយូរឆ្នាំមកដែរ តែគាត់មិនដែលទៅលេងស្រុកកំណើតខាងប្រពន្ធដែរ រហូតសព្វថ្ងៃនេះទទួលបានចំណងនិស្ស័យកូនស្រីម្នាក់អាយុជាង២ខួបឈ្មោះចិន ស្រីនោ។
បុរសនេះថ្លែងទាំងក្តុកក្តួលទៀតថាអ្វីធ្វើឲ្យគាត់មានការក្ដុកក្ដួលនោះរយៈពេលជិតមួយខែកន្លងមកនេះ ប្រពន្ធរបស់គាត់បានធ្លាក់ខ្លួនមានជំងឺប្រចាំកាយយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យគ្រួសាររបស់គាត់កាន់តែដុនដាប គាត់ក៏ដាច់ចិត្តសុំប្រពន្ធទៅធ្វើជាពលករនៅថៃដើម្បីបានប្រាក់មកព្យាបាល ជំងឺប្រពន្ធ ហើយបានផ្ញើប្រពន្ធនិងកូនស្រីជាមួយអ្នកភូមិ អ្នកស្រុកជួយមើល ។ នៅជាងមួយ សប្តាហ៍មុននេះ គាត់បានចងការប្រាក់គេបានចំនួន២០០០បាត(ប្រាក់ថៃ)ទុកឲ្យប្រពន្ធខ្លះ ទុកឲ្យមេខ្យល់នាំទៅធ្វើការនៅប្រទេសថៃខ្លះ ។
បន្ទាប់ពីចេញដំណើរជាមួយមេខ្យល់មិនបានប៉ុន្មានថ្ងៃផងស្រាប់តែមេខ្យល់បំបោះបង់គាត់ចោលនៅក្នុងព្រៃអស់ពីរយប់ បីថ្ងៃធ្វើឲ្យគាត់ដាច់បាយដាច់ទឹកវង្វេងផ្លូវមកផ្ទះវិញសឹងមិនបាន ។
ចំណែកប្រពន្ធនៅឯផ្ទះក៏ឈឺកាន់តែធ្ងន់ធ្ងរត្រូវអ្នកស្រុកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរដ្ឋមួយក្នុងក្រុងប៉ោយប៉ែតដោយពុំមានអ្នកមើលថែឡើយ។ក្រោយមកប្រពន្ធគាត់បានដាច់ខ្យល់ស្លាប់ចោលកូនស្រីនៅសល់តែធាតុ។
បុរសកម្សត់បន្ថែមថាក្រោយពីមេខ្យល់រត់ចោលគាត់ និងមិត្តភក្តិគាត់ក៏បានសម្រេចចិត្តវិលមកផ្ទះវិញទាំងប្រថុយប្រថានដោយដើរតាមផ្លូវរថភ្លើងរហូតមកដល់ផ្សារុងក្លឿប្រទេសថៃ ឈមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត គាត់បន្លំខ្លួនធ្វើជាកម្មកររុញរទេះដើម្បីមកផ្ទះវិញ តែពេលមកដល់ពាក់កណ្ដាលផ្លូវត្រូវអ្នកស្គាល់គ្នាប្រាប់ថាប្រពន្ធឯងស្លាប់ហើយ នៅសល់តែធាតុទេ ឯកូនស្រីតូចរបស់ឯងត្រូវអ្នកភូមិជួយមើលថែ។ ដំណឹងនេះធ្វើឲ្យគាត់រន្ធត់ចិត្តខ្លាំងណាស់ ក៏ទៅទាក់ទងកន្លែងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែតទើបដឹងថាប្រពន្ធរបស់គាត់ស្លាប់មែន ដោយគេបូជានៅសល់តែឆ្អឹងផ្ញើនឹងលោក នួន នីគីដា។លុះមកដល់ ព្រឹកថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៩ នេះគាត់ទៅជួបលោក នួន នីគីដា ទទួលយកធាតុប្រពន្ធ មយយកញ្ចប់និងកូនស្រីពីអ្នកភូមិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីប៉ុណ្ណោះ ។
យ៉ាងណា រឿងរ៉ាវដ៏ជូរចត់នេះត្រូវបានបុរសខាងលើអំពាវនាវដល់ប្រជាពលរដ្ឋមួយចំនួនផងដែរមុននឹងសម្រេចចិត្តទៅធ្វើការនៅប្រទេសណាមួយជាមួយជាមួយមេខ្យល់ ត្រូវគិតឲ្យបានល្អិតល្អន់ជាមុនសិន កុំឲ្យដូចរួបគាត់ត្រូវមេខ្យល់បោកប្រាស់យកលុយអស់ មកដល់ផ្ទះវិញប្រពន្ធស្លាប់ចោលនៅសល់តែឆ្អឹងយ៉ាងនេះពិតជាស្តាយក្រោយមិនខាន ៕
ដោយ៖ នីម វណ្ណា