ខេត្តកណ្ដាល ៖ បុរសម្នាក់ បានផឹកស្រាស្រវឹងជោគ បែកគំនិតចុះទៅរាវលៀសក្នុងទន្លេរ លុះស្អែកឡើងត្រូវគេប្រទះឃើញអណ្ដែតទឹក បង្កការភ្ញាក់នៅវេលាម៉ោង១១និង១០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចទន្លេបាសាក់ ស្ថិតក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ ចាន់ណារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ ។
ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ស្ត្រីជាម្ដាយរបស់ជនរងគ្រោះបានឲ្យដឹងថា កាលពីម្សឹលមិញ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៥និង២០នាទី ជនរងគ្រោះបានផឹកស្រាស្រវឹងជោគ រួចក៏ទៅរាវលៀសនៅទន្លេរបាសាក់ ខាងត្បូងកំពង់ចម្លងព្រែកម៉ៅ ហើយក៏បាត់រហូតមិនឃើញត្រឡប់មកវិញទេ ។ លុះស្អែកឡើង ថ្ងៃទី២៥ ខែឆ្នាំដដែល ស្រាប់តែមានប្រជាពលរដ្ឋឃើញអណ្តែតទឹកទន្លេរ ភ្លាមនោះ ក៏ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងរាយការជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលកោះខែលមកធ្វើការពិនិត្យ ។
ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានខាងលើ ភ្លាមនោះ កម្លាំងនគរបាលក៏បានចុះមកធ្វើការពិនិត្យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ។ បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
...