សម្តេច ស ខេង ៖ “កុំពាក់ព័ន្ធ កុំនៅពីក្រោយ កុំបន្ធូរដៃ និង កុំអន្តរាគមន៍ ក្នុងបទល្មើសគ្រឿងញៀន”

ចែករំលែក៖

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី២៦ ខែកក្កដា នេះ បានរំលឹកសាជាថ្មីដល់សមត្ថកិច្ចគ្រប់ប្រភេទ និង គ្រប់លំដាប់ថ្នាក់ ត្រូវចៀសវាងឲ្យបានដាច់ខាតនូវ៤កុំ គឺ កុំពាក់ព័ន្ធ កុំនៅពីក្រោយ កុំបន្ធូរដៃ និងកុំអន្តរាគមន៍ ក្នុងបទល្មើសគ្រឿងញៀន ។

សម្តេច ស ខេង មានប្រសាសន៍ តាមរយៈ Facebook Paeg ផ្លូវការ ថា សម្តេចសូមកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះការចូលរួមគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅទូទាំងប្រទេស។ តាមរយៈសកម្មភាព យ៉ាងសកម្មផុលផុសនេះ យើងបានធ្វើការចាប់ខ្លួន មេក្លោង រួមទាំងជនល្មើសមួយចំនួនធំ និងបានរឹបអូសគ្រឿងញៀន និងសារធាតុផ្សំជាច្រើន ព្រមទាំងបានបញ្ជូនទៅកាន់តុលាការជាបន្តបន្ទាប់ ដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន ។

តាមរយៈលទ្ធផលសម្រេចបានក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នាពេលកន្លងមកធ្វើឲ្យសាធារណជនទូទៅយ៉ាងច្រើនលើសលប់សម្តែងការសាទរ និងជំរុញ លើកទឹកចិត្តដល់យុទ្ធនាការនេះ ឲ្យបន្តសកម្មភាព របស់ខ្លួនកាន់តែសកម្មថែមទៀត ។ ទោះបី លទ្ធផលសម្រេចបានទាំងនេះ មិនទាន់ឆ្លើយតបបានពេញលេញទៅនឹងបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងមជ្ឈដ្ឋាននានា នៅក្នុងសង្គមយ៉ាងណាក្តី ក៏យើងនៅតែបន្តខិតខំពុះពារតស៊ូអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នេះ រហូតធ្វើឲ្យបទល្មើសគ្រឿងញៀន ត្រូវបានកាត់បន្ថយ និងឈានទៅលុបបំបាត់ទាំងស្រុងពីសង្គមកម្ពុជា នាពេលអនាគត ។

ក្នុងន័យនេះ សម្តេច ស ខេង សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួមទាំងស្ថាប័នរដ្ឋ ឯកជន ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល អ្នកវិភាគសង្គម ព្រមទាំងគ្រប់សមាសភាគពាក់ព័ន្ធ នឹងបន្តចូលរួមកាន់តែសកម្មថែមទៀត ក្នុងការគាំទ្រដល់យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញឿនខុសច្បាប់នៅទូទាំងប្រទេស តាមរយៈការផ្សព្វផ្សាយអប់រំ និងការផ្តល់ព័ត៌មាន ឈានទៅកាត់ផ្តាច់ការផ្គត់ផ្គង់ និងកាត់ផ្តាច់តម្រូវការគ្រឿងញៀន ក្នុងស្មារតីរួមគ្នាទទួលខុសត្រូវក្នុងការកសាងសង្គមកម្ពុជាដែលល្អផូរផង់ប្រកបដោយសន្តិសុខ សុវត្ថិភាព និងភាពសុខដុមរមនា គ្មានគ្រឿងញៀន ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print