នៅព្រឹកថ្ងៃទី២៦ខែកក្កដាសារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយថា៖ ប្រទេសនេះទើបតែបាញ់សាកល្បងមីស៊ីលនាំផ្លូវប្រភេទថ្មី តាមការបញ្ជានិងតាមដានពីប្រមុខដឹកនាំគីមជុងអ៊ុន។
សារព័ត៌មានKCNA បានផ្សាយថា៖ ការបាញ់មីស៊ីលខាងលើគឺជាសារផ្ញើទៅកាន់ ទាហានកូរ៉េខាង្បូង ដែលបានឡើងគម្រោងធ្វើសមយុទ្ធរួមជាមួយអាមេរិកនៅក្នុង ខែសីហា ខាងមុខ ។នៅមុនការបាញ់មីស៊ីលខាងលើ ភាគីកូរ៉េខាងជើង ក៏បានស្នើដល់ កូរ៉េខាងត្បូង និងអាមេរិក ឲ្យបញ្ឈប់គម្រោងធ្វើសមយុទ្ធទាំងនោះ ប៉ុន្តែអាមេរិកនិងកូរ៉េខាងត្បូង មិនយល់ព្រម ទើបកូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលតែម្តង ។ នៅមុនពេលបាញ់មីស៊ីល កូរ៉េខាងជើង ក៏បានច្រានចោលជំនួយអង្ករ ពីកូរ៉េខាងត្បូង ផងដែរ ។
សារព័ត៌មានកូរ៉េខាងជើង បានផ្សាយថា៖ មេដឹកនាំ គីម ជុងអ៊ុន បានបញ្ជាក់ពីតម្រូវការផលិត ប្រព័ន្ធមីស៊ីលល្បឿនលឿន ដើម្បីការពាររាល់ការគំរាមកំហែងដល់សន្តិសុខជាតិ ។ មីស៊ីលកូរ៉េខាងជើង ដែលបានបាញ់សាកល្បងនោះ ដោយមួយគ្រឿងហោះហើរ បានចម្ងាយ៦៩០គីឡូម៉េត្រ និងមួយគ្រឿងទៀត បានចម្ងាយ៤៣០គីឡូម៉ែត្រ។
ចំណែកទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុងហាប់ បានផ្សាយថា៖ ទីក្រុងព្យុងយ៉ាងបានប្រកាសថា ការបាញ់មីស៊ីលកាលពីថ្ងៃ ទី២៥ ខែកក្កដា ដែលត្រួតពិនិត្យមើលដោយផ្ទាល់ពីមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុននោះ គឺជាការ«ព្រមាន» មួយប្រឆាំង «អ្នកនិយមសង្គ្រាមកូរ៉េខាងត្បូង» ។ សារព័ត៌មានកូរ៉េខាងត្បូងបានផ្សាយបន្តថា មេដឹកនាំ គីម ជុងអ៊ុន បានអំពាវនាវទីក្រុងសេអ៊ុលឲ្យផ្អាកទាំងការអភិវឌ្ឍអាវុធប្រភេទថ្មី និងការសមយុទ្ធយោធានៅពេលខាងមុខ ។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន KCNA របស់កូរ៉េខាងជើងបានផ្សាយថា ការដែលមេដឹកនាំកូរ៉េខាងជើង បានបង្ហាញនូវអាវុធនាំផ្លូវយុទ្ធសាស្ត្រថ្មី កាលពីថ្ងៃព្រហស្បតិ៍គឺជា«ការព្រមានដ៏ខ្លាំងក្លា»មួយទៅកាន់«អ្នកនិយមសង្គ្រាមកូរ៉េខាងត្បូង» ខណៈពួកគេនៅតែបន្តធ្វើសមយុទ្ធយោធារួមគ្នា និងការអភិវឌ្ឍនអាវុធបច្ចេកវិទ្យាទំនើបនោះ ។
លោក គីម បានថ្លែងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ដែលផ្សាយនៅលើសារព័ត៌មាន KCNAថា «យើងកំពុងតែត្រូវបានបង្ខំឲ្យបន្តអភិវឌ្ឍប្រព័ន្ធអាវុធដែលមានកម្លាំងខ្លាំងអស្ចារ្យដើម្បីកម្ទេចរាល់ការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខជាតិរបស់យើងពីក្នុងប្រទេសកូរ៉េខាងត្បូង» ។
សារព័ត៌មាន យ៉ុនហាប់ បានដកស្រង់ប្រភពពីខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូងផ្សាយថា កូរ៉េខាងជើងបានបាញ់មីស៊ីល២គ្រាប់ចេញពីឧបទ្វីប Hodo កូរ៉េខាងជើងនៅវេលាម៉ោង៥និង៣៤នាទីព្រឹក និងម៉ោង៥និង៥៧នាទី ព្រឹក ម៉ោងនៅក្នុងតំបន់ គឺជាប្រភេទថ្មីអាវុធមីស៊ីលបាល្លិស្ទិករយៈចម្ងាយខ្លី ។ គ្រាប់មីស៊ីលទីមួយហោះហើរបាន៤៣០គីឡូម៉ែត្រ ខណៈគ្រាប់ទីពីរ ហោះបាន៦៩០គីឡូម៉ែត្រ ។ មីស៊ីលទាំងនោះបានធ្លាក់ចូលក្នុងសមុទ្រជប៉ុន ។
អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងវិញបានជំរុញឲ្យកូរ៉េខាងជើងបញ្ឈប់នូវរាល់សកម្មភាពទាំងឡាយណា ដែលមិនអំណោយផលទៅដល់កិច្ចខិតខំប្រឹងប្រែងក្នុងការបន្ធូរបន្ថយភាពតានតឹងខាងផ្នែកយោធានៅក្នុងតំបន់។
នេះគឺជាលើកទីមួយហើយ ដែលកូរ៉េខាងជើងបានចាប់ផ្តើមបាញ់សាកល្បងមីស៊ីលឡើងវិញ ក្រោយពីមានជំនួបដោយឥតព្រាងទុក រវាងលោកដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន នៅឯតំបន់គ្មានកងទ័ព តាមបណ្តោយព្រំដែនកូរ៉េ កាលពីចុងខែមុន។ ហើយការសាកល្បងមីស៊ីលនេះត្រូវបានធ្វើឡើង នៅក្នុងពេលដែលកូរ៉េខាងជើងកំពុងតែមានការខឹងសម្បារនិងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលមិនព្រមលុបចោលនូវគម្រោងធ្វើសមយុទ្ធប្រចាំឆ្នាំរួមគ្នា នៅខែក្រោយ។ សមយុទ្ធ ដែលរបបក្រុងព្យុងយ៉ាងតែងតែតវ៉ាជំទាស់ ដោយអះអាងថា វាគឺជាការហាត់សម ដើម្បីចូលឈ្លានពានកូរ៉េខាងជើង។
ក៏ប៉ុន្តែ អ្នកវិភាគខ្លះយល់ថា ការបាញ់សាកល្បងមីស៊ីលនៅថ្ងៃព្រហស្បតិ៍នេះទំនងជាមិនមែនគ្រាន់តែជាការតវ៉ាជំទាស់នឹងសមយុទ្ធរួមគ្នាកូរ៉េខាងត្បូង-អាមេរិកនោះទេ តែវាអាចជាផ្នែកមួយនៃកម្មវិធីធ្វើទំនើបកម្មមីស៊ីលរបស់កូរ៉េខាងជើង។
គួររំឭកឡើងវិញថា កាលពីប៉ុន្មានថ្ងៃមុននេះ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់កូរ៉េខាងជើងបានចេញផ្សាយនូវរូបភាព ដែលបង្ហាញអំពីលោកគីម ជុងអ៊ុន កំពុងធ្វើការត្រួតពិនិត្យមើលនាវាមុជទឹកថ្មីរបស់កូរ៉េខាងជើង ហើយនេះបានបង្កើតឲ្យមានក្តីបារម្ភខ្លាចក្រែងកូរ៉េខាងជើងកំពុងតែរៀបចំផលិតមីស៊ីលបាលីស្ទិក ដែលអាចបាញ់ចេញពីនាវាមុជទឹក (SLBM) ហើយដែលជាប្រភេទសព្វាវុធដ៏សំខាន់មួយ នៅក្នុងយុទ្ធសាស្រ្តទ័ពនុយក្លេអ៊ែរ។
ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា ការសាកល្បងមីស៊ីលខាងលើរបស់កូរ៉េខាងជើង ក្រាន់តែជាការចាប់ផ្តើម ប៉ុណ្ណោះ ហើយបើអាមេរិកនិងកូរ៉េខាងត្បូង បន្តសកម្មភាពធ្វើសមយុទ្ធ ឬក៏ សកម្មភាពយោធាណាមួយដែលកូរ៉េខាងជើង ចាត់ទុកថាជាយុទ្ធសាស្ត្រឈ្លានពានទឹកដីកូរ៉េខាងជើង ទីក្រុងព្យុងយ៉ាងនឹងមានសកម្មភាពជាបន្តទៀត។
ចំណែកអាមេរិកវិញរដ្ឋមន្ត្រីក្រសួងការបរទេសលោក Mike Pompeo បានប្រកាសថា អាមេរិកសង្ឃឹមថាកូរ៉េខាងជើងនឹងឈប់បន្តសកម្មភាពឌឺដងបង្កឲ្យមានភាពតានតឹង ជាថ្មី។ លោក Mike Pompeo បានបញ្ជាក់ទៀតថា នឹងបន្តជួបពិភាក្សា ថ្នាក់បច្ចេកទេសរវាង អាមេរិកនិងកូរ៉េខាងជើង នៅពេលខាងមុខ បើទោះបីកូរ៉េខាងជើង បានបាញ់មីស៊ីលហើយក្តី ៕
ដោយ៖ មែវ សាធី