ហ្វីលីពីន ក៏ដូចជាឥណ្ឌូនេស៊ី ជាប្រទេសស្ថិតនៅតំបន់ខ្សែក្រវាត់ភ្លើងផែនដី តែងតែរងគ្រោះធម្មជាតិជាបន្តបន្ទាប់ ក្នុងនោះមានការរញ្ជួយដីនៅផ្ទុះភ្នំភ្លើងជាដើម ។
នៅក្នុងប្រទេសហ្វីលីពីនសារព័ត៌មាន RT នៅថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៩ បានផ្សាយថាមានមនុស្ស ៧នាក់ស្លាប់ ក្នុងគ្រោះរញ្ជួយដីពីរលើកផ្ទួនៗគ្នា វាយប្រហារលើភាគខាងជើង ប្រទេសនេះ។ អាជ្ញាធរហ្វីលីពីន បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៧នាក់ បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស ក្នុងគ្រោះរញ្ជួយដីដល់ទៅពីរលើកផ្ទ្ទនៗគ្នា ដែលបាន វាយប្រហារលើដែនកោះភាគខាងជើងនៃប្រទេស។
ជាមួយគ្នានោះដែរ បើតាមទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក USGS គ្រោះរញ្ជួយដី កម្រិត៥.៩រ៉ិចទ័រ និង៤.៥ រ៉ិចទ័រ បានវាយប្រហារលើខេត្ត Batanes នៃកោះ Luzon នៅព្រឹកថ្ងៃសៅរ៍នេះ។ គ្រោះរញ្ជួយដីនេះក៏បានបំផ្លាញផ្ទះសម្បែង និងអគារមួយចំនួនផងដែរ។
ចំណែកនៅក្នុងប្រទេសឥណ្ឌូនេស៊ីវិញ សារព័ត៌មាន CNA នៅយប់ថ្ងៃសុក្រ ទី២៦ ខែកក្កដា បានផ្សាយថា ភ្នំភ្លើងមួយផ្ទុះឡើងនៅកោះជ្វា ក្បែរទីក្រុងធំជាងគេលំដាប់ទីបីរបស់ឥណ្ឌូណេស៊ីគឺទីក្រុង Bandung ។ ការផ្ទុះកើតឡើងនាថ្ងៃ២៦ខែកក្កដា និងបានជះកម្ទេចផេះឡើងលើផ្ទៃអាកាសរាប់រយម៉ែត្រ ហើយបង្កឲ្យអាជ្ញាធរឥណ្ឌូណេស៊ីអំពាវនាវដល់ប្រជាជននិងអ្នកទេសចរ ឲ្យប្រុងប្រយ័ត្ននិងស្ថិតនៅឲ្យឆ្ងាយពីវា។
ភ្នំភ្លើងខាងលើនេះ មានឈ្មោះហៅថា Tangkuban Parahu ដែលស្ថិតនៅចម្ងាយ៣០គីឡូម៉ែត្រភាគខាងជើងទីក្រុង Bandung ក្នុងខេត្តជ្វាខាងលិច។ បើតាមទីភ្នាក់ងារទប់ស្កាត់គ្រោះមហន្តរាយឥណ្ឌូណេស៊ី តំបន់ភ្នំភ្លើង Tangkuban Parahu ដែលជាកន្លែង ទាក់ទាញភ្ញៀវទេសចរណ៍ផងដែរនោះ ត្រូវបានបិទមិនឲ្យមានការចេញចូលឬទៅក្បែរជាបណ្តោះអាសន្ន ហើយកម្រិតប្រកាសអាសន្នរបស់វា កំពុងស្ថិតក្រោមការវាយតម្លៃ។
គួរជម្រាបថា ឥណ្ឌូណេស៊ី ស្ថិតក្នុងចំណោមប្រទេស ដែលនៅចំពេលលើតំបន់គេហៅថា Pacific Ring of Fire ដែលព័ទ្ធជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក។ នៅតាមតំបន់នេះ សកម្មភាពរញ្ជួយផែនដី និងបំផ្ទុះ ភ្នំភ្លើងតែងកើតមានឡើងជាញឹកញាប់។ សម្រាប់ប្រទេសឥណ្ឌូណេស៊ី កន្លែងដែលរងគ្រោះធម្មជាតិទាំងនេះច្រើនជាងគេ គឺនៅកោះជ្វានិងកោះបាលី ដែលសុទ្ធតែមានមនុស្សរស់នៅច្រើន៕
ដោយ៖ មែវ សាធី