ក្នុងឱកាសនៃទិវាបង្កើតកម្លាំងទាហានជើងទឹករុស្ស៊ី ចាប់ផ្តើមមានពិធីដង្ហែក្បួនព្យុហយាត្រា ចាប់តាំងពីឆ្នាំ២០១៧ ក្រោមការបញ្ជាពីប្រធានាធិបតីពូទីន។ចាប់តាំងពីពេលនោះមក រាល់ថ្ងៃទី២៨ខេកក្កដា ទាហានជើងទឹករុស្ស៊ីនឹងមានពិធីដង្ហែក្បួនកម្លាំងទាហានជើងទឹកជាទ្រង់ទ្រាយធំ។
នៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រាលើកនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីមជ្ឈដ្ឋាន ជុំវិញពិភពលោក ដោយមាននាវាចម្បាំងទំនើបៗជាច្រើនចូលរួម ក្នុងមានមាននាវាចម្បាំង មកពីប្រទេស ចិន ឥណ្ឌាផងដែរ ។ក្នុងពិធីបង្ហែរក្បួនទាហានជើងទឹក ដែលមាននាវាចម្បាំងគ្រប់ប្រភេទ ជាង៤០គ្រឿងចូលរួម។ ក្នុងចំណោមនាវាចម្បាំងដែលទទួលបានការចាប់អារម្មណ៍បំផុតនោះគឺ នាវា Kasatonov នាវាបំពាក់មីស៊ីល Gremyashchy នាវាប្រឆាំងនាវាមុជទឹក Severomors នាវាមុជទឹកដើរដោយថាមពលបរមាណូ Smolensk បំពាក់មីស៊ីលឆ្លងទ្វីប និងនាវាចម្បាំងទំនើបៗជាច្រើនផ្សេងទៀត។ ក្រៅពីនេះនៅមានយន្តហោះចម្បាំង៤១គ្រឿងចូលរួមផងដែរ ។
នៅក្នុងពិធីដង្ហែរក្បួនព្យុហយាត្រានោះ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានបញ្ជាក់ថា «កម្លាំងទាហានជើងទឹករបស់យើង មានទំនុកចិត្តនៅក្នុងការធានាដល់សន្តិសុខនិងផលប្រយោជន៍របស់ជាតិ ទប់ស្កាត់រាល់ការប៉ុនប៉ងឈ្លានពានណាមួយពីសត្រូវ »។ លោកពូទីនបន្តទៀតថា កម្លាំងទាហានជើងទឹកដើរតួនាទីយ៉ាងសំខាន់នៅក្នុង ការអភិវឌ្ឍន៍បច្ចេកវិទ្យា ថ្មីៗ ។
លោកពូទីនបានបន្តទៀតថា កម្លាំងទាហានជើងទឹក មាននាវាចម្បាំងថ្មីបន្ថែម១៥គ្រឿង បំពាក់អាវុធទំនើបៗ ដើម្បីបង្កើនសមត្ថភាពការពារ ដែនសមុទ្ររបស់រុស្ស៊ី ក៏ដូចជាដែនអាកាស។ ក្រៅពីនេះរុស្ស៊ីក៏បានបង្កើន និងអភិវឌ្ឍន៍ទីតាំងទាហានជើងទឹក នៅតាមបណ្តោយឆ្នេរសមុទ្រ ប្រទេសនេះ ។
ពិធីដង្ហែរក្បួនព្យុហយាត្រា ទាហានជើងទឹកលើកដំបូងនៅឆ្នាំ២០១៧ តាមសំណើរបស់ប្រធានាធិបតីពូទីន ក្រោយមកបានប្រែក្លាយទៅជា ព្រឹត្តិការណ៍ប្រចាំឆ្នាំនៅក្នុងប្រទេសរុស្ស៊ី។ នៅក្នុងពិធីនោះ បានទាក់ទាញ់យ៉ាងខ្លាំងដល់ក្រុមអ្នកទេសចរណ៍បរទេស ទៅមើលការដង្ហែរក្បួនទាហានជើងទឹកដ៏អស្ចារ្យ របស់រុស្ស៊ី៕
ដោយ៖ មែវ សាធី