ការបាញ់ប្រហារ នៅអាមេរិក គឺជាក្តីបារម្ភយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដោយការបាញ់ប្រហារមិនមែនបង្កឡើងដោយក្រុមភេរវកម្មនោះឡើយ គឺពលរដ្ឋរបស់ខ្លួនឯងផ្ទាល់។ រហូតមកទល់ពេលនេះ អាមេរិកមិនទាន់មានវិធានការរឹតបន្តឹងច្បាប់ប្រើប្រាស់កាំភ្លើងនៅឡើយទេ ។ ចំណែកប្រទេសផ្សេងទៀតពលរដ្ឋ ស្ម័គចិត្តយកកាំភ្លើងទៅដូរយកប្រាក់វិញតាមសំណើររដ្ឋាភិបាល ក្នុងនោះមានប្រទេសនូវេសាឡង់ជាដើម។
ការបាញ់ប្រហារ នៅអាមេរិកកើតឡើងនៅថ្ងៃទី២៩ ខែកក្កដា បណ្តាលឲ្យបាត់បង់ជីវិត៣នាក់ និង១២នាក់ទៀតរងរបួសធ្ងន់ និងស្រាល ។ ប៉ូលិសក្នុងតំបន់បានទទួលដំណឹងនៅវេលាម៉ោង៥និង៣០នាទីល្ងាច (ម៉ោងនៅក្នុងតំបន់) ថា មានករណីបាញ់ប្រហារនៅសួនឧទ្យាន Christmas Hill ។ ប៉ូលិស និងក្រុមសង្គ្រោះបន្ទាន់បានទៅដល់ទីតាំងបាញ់ប្រហារ ពិនិត្យស្ថានការណ៍នៅតំបន់សួនឧទ្យាន Christmas Hill ស្ថិតនៅទីក្រុង San Joses រដ្ឋកាលីហ្វ័រនីញ៉ា ទីកន្លែងដែលកំពុងប្រារព្ធពិធីបុណ្យ Gilroy Garlic ប្រព្រឹត្តទៅដូចរាល់ឆ្នាំនោះ ។
ប៉ូលិសបានថ្លែងថា មនុស្សជាច្រើននាក់រងនូវការបាញ់ប្រហារ ។ សារព័ត៌មាន NBC Bay Area បានផ្សាយថា មនុស្ស១១នាក់បានស្លាប់ ។ ប៉ុន្តែនៅពេលបន្តិចក្រោយមក ប៉ូលិសបានបញ្ជាក់នៅលើប្រព័ន្ធទំនាក់ទំនងសង្គមថា មនុស្ស៣នាក់បានស្លាប់ ។ កាសែតញូវយ៉កថាម បានផ្សាយថា មនុស្ស៣នាក់បានស្លាប់ និង១២នាក់ផ្សេងទៀតបានរងរបួស ហើយខ្មាន់កាំភ្លើងត្រូវប៉ូលិសចាប់បញ្ជូនខ្លួនចូលពន្ធនាគារ ។
នៅពេលនេះ គេមិនទាន់ដឹងពីមូលហេតុនៃការបាញ់ប្រហារនេះនៅឡើយទេ ។ ប៉ុន្តែសាក្សីម្នាក់បានបញ្ជាក់ថា ខ្មាន់កាំភ្លើងគឺជាមនុស្សប្រុសអាយុប្រហែល២០ឆ្នាំប៉ុណ្ណោះ បានបើកការបាញ់រះទៅលើហ្វូងមនុស្សដែលចូលរួមក្នុងពិធីបុណ្យនោះតែម្តង ៕
ដោយ៖ មែវ សាធី