ក្រុមប្រឆាំងប្រធានាធិបតីរុស្ស៊ីលោក ពូទីន បាននាំគ្នាធ្វើបាតុកម្ម បង្កឲ្យមានអសន្តិសុខនៅក្នុងសង្គម ។ក្រុមប្រឆាំងចាត់ទុកថាលោកពូទីនកំពុងតែ ព្យាយាមក្តោបក្តាប់អំណាចដឹកនាំតែម្នាក់ឯង។ ប៉ូលិសប្រឆាំងបាតុកម្ម ក៏បានចាប់ខ្លួនក្រុមប្រឆាំងប្រមាណ១០០០នាក់ នាក់ផងដែរ។
ការធ្វើបាតុកម្មកើតឡើងដោយសារតែទាមទារថា បេក្ខជនបក្សប្រឆាំង ត្រូវតែមានការអនុញ្ញាតឲ្យចូលរួមប្រកួតប្រជែង ការបោះឆ្នោតក្នុងតំបន់(ឃុំ -សង្កាត់) ។ ប៉ូលិសរុស្ស៊ីបានប្រកាសថា វាជាទង្វើខុសច្បាប់ និងបានរារាំងមិនឲ្យមានការចូលរួមបោះឆ្នោតពីក្រុមទាំងនោះឡើយ ហើយមនុស្សជាច្រើនពាន់នាក់ ក៏បាននាំគ្នាចេញដង្ហែក្បួនបាតុកម្មទ្រង់ទ្រាយធំបំផុតមិនធ្លាប់ នៅក្នុងអំឡុងឆ្នាំថ្មីៗចុងក្រោយនេះរបស់រុស្ស៊ី ។
សម្រែកស្រែករបស់ក្រុមបាតុករបញ្ជាក់ថា «រុស្ស៊ីមិនត្រូវការលោកពូទីន» និង«ពូទីនចុះចេញ» បានធ្វើឲ្យកក្រើករញ្ជួយទីក្រុងមូស្គូតែម្តង ខណៈដែលប៉ូលិសបានសំពោងក្រុមបាតុករ ដោយដំបង និងការចាប់ឃុំខ្លួនជាដើម ។ យ៉ាងតិចស្ត្រីម្នាក់ និងបុរសម្នាក់បានរងរបួសនៅត្រង់ក្បាលយ៉ាងធ្ងន់ធ្ងរ ។
មេដឹកនាំគណបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារ Alexei Navalny បានអំពាវនាវដល់ក្រុមបាតុករ បន្តជំរុញទាមទារ ឲ្យអាជ្ញាធរមូស្គូ អនុញ្ញាតបេក្ខជនប្រឆាំងចូលរួមប្រកួតប្រជែង ការបោះឆ្នោតក្នុងតំបន់ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខ ។
អាជ្ញាធរថ្លែងថា ការដែលហាមប្រាមទាំងនោះ ដោយសារតែភាគីគណបក្សប្រឆាំងមិនអាចស្វែងរកហត្ថលេខាគាំទ្រ គ្រប់ចំនួន ស្របទៅតាមច្បាប់នោះឡើយ ។ គណបក្សប្រឆាំងមិនមានកៅអីសូម្បីតែមួយនៅក្នុងសភានោះទេ ៕
ដោយ៖ មែវ សាធី