ខេត្តកំពង់ចាម ៖ ប្រជាជនលើសលុបបានប្រឆាំងដាច់ខាតចំពោះឈ្មួញដែលកំពុងប្រើអំណាចទឹកលុយធ្វើឲ្យមន្ត្រីអាជ្ញាធរលេប ទឹកមាត់ យកតួនាទីរបស់ខ្លួនទៅបម្រើឈ្មួញទៅវិញ រហូតបង្កើតឲ្យមានការឃុបឃិតគ្នាតាមរយៈដើរបំផុសបំភ័យរឹបអូសបឹងទុកធ្វើជាសម្បត្តិរដ្ឋ ។ បឹងទង់ជាប្រភពបឹងមេទឹក សម្រាប់ស្រោចស្រពផលកសិកម្ម ជីវៈ ចម្រុះ ជម្រកត្រីពងកូន ខណៈប្រជាពលរដ្ឋអះអាងថា ពួកគាត់កំពុងជួបគ្រោះរងសួត កង្វះទឹកធ្វើស្រែទៀតផង ។
បើតាមប្រជាជនរាយការណ៍ឲ្យដឹង បឹងទង់ មានទំហំជាង២០ហិកតា ស្ថិតនៅភូមិពពិត ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។ ពួកគាត់អះអាងថា បច្ចុប្បន្នបឹងនេះឈ្មួញបានឃុបឃិតជាមួយមន្ត្រីឃុំ ដើរបំភ័យបំផុសបំផុលអោយពលរដ្ឋផ្ដិតមេដៃ ។ ពលរដ្ឋមួយចំនួនតូចទទួលយកលុយពី៥០០ ដុល្លារទៅ១០០០ដុល្លារ និងពលរដ្ឋមួយចំនួនធំ មិនព្រមផ្តិតមេដៃ ដោយប្រឆាំងដាច់ខាត រាល់ការទិញលក់បឹងទង់ ដើម្បីរក្សាដីមេទឹក (បឹងទង់)នេះ សម្រាប់ស្រោចស្រពផលកសិកម្ម អាស្រ័យផល ។
លោក ឌុច ជាតិ តំណាងឱ្យពលរដ្ឋជាង៣០ គ្រួសារ រស់នៅភូមិពពិត ឃុំតាំងក្រាំង ស្រុកបាធាយ បានស្នើសុំទៅលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងក្រសួងពាក់ព័ន្ធជួយមានវិធានការទប់ស្កាត់ជាបន្ទាន់ផងព្រោះពួកគាត់ធ្វើស្រូវ ដាំឈូក អាស្រ័យ ផលតាំងពីឆ្នាំ១៩៧៩មកម្លេះ ។
លោក ឌុច ជាតិបន្តថា ពួកគាត់បានកាន់កាប់និងប្រេីប្រាស់ដីមេទឹកនោះ ជាមធ្យមមួយគ្រួសារ ទំហំ២០ម៉ែត្របណ្តោយប្រហែល ៤០០ម៉ែត្រ សរុបកសិករដែលបានកាន់កាប់អាស្រ័យផលទាំងអស់ជិត១០០គ្រួសារឯណោះ ។ លុះដល់ពេលថ្មីៗនេះ ដីមានហាងឆេងស្រាប់តែអាជ្ញាធរឃុំតាំងក្រាំងបានឃុបឃិត គ្នាជាមួយឈ្មួញ អ្នកមានលុយ មានចេនាទុច្ចរិតរំលោភយកដីបឹងទង់លក់ ។
លោកអះអាងបន្តថា លោក ស៊ី អែល អនុភូមិពពិត ខ្លួនកាន់ការងាររាជការ តែមានគំនិត ទុច្ចរិតដេីរតួជាអ្នកគួកជេរកាន់ឯកសារដើរបំផុសអោយពលរដ្ឋផ្ដិតមេដៃលក់ និងដោយ មានការសម្របសម្រួលរៀបចំឯកសារពីអ្នកស្រី គឹម វណ្ណថា ស្មៀនឃុំតាំងក្រាំងទៀតផង ។
យោងតាមច្បាប់ ស្ដីពីជលផល ឆ្នាំ២០០៦ ត្រង់មាត្រា២៥ បានចែងថា “ការធ្វើទំនប់កាត់ ឬលុបទន្លេ ស្ទឹង ព្រែក អូរ បឹង ប្រឡាយ អាងទឹកនិងអាងធម្មជាតិ ឬការជីកប្រឡាយរណ្ដៅ និងស្រះទ្រង់ទ្រាយធំឬការសាង សង់សំណង់ថ្មីនានា ឬការបូមទឹក ដែលបង្កមហន្តរាយដល់ ធនធានជលផល នៅក្នុងដែននេសាទ ត្រូវមានការសិក្សាវាយតម្លៃពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងស្ថាប័នពាក់ព័ន្ធ ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងមកនេះ ប្រជាពលរដ្ឋច្រើនគ្រួសារបានដាក់ពាក្យបណ្តឹង និងផ្ទុះការតវ៉ា នៅសាលាឃុំតាំងក្រាំង កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីប្រឆាំងដាច់ខាត រាល់ការទិញលក់ នឹងសុំរក្សា(ដីមេទឹកទង់)ឲ្យនៅជាសម្បត្តិរដ្ឋដដែល ។
នគរដ្រេហ្គន ពុំអាចសុំការបកស្រាយណាមួយទៅភាគីពាក់ពន្ធ័ឬអាជ្ញាធរឃុំស្រុកដែលរងនូវការចោទប្រកាន់បានទេដោយពុំមានលេខទូរសព្ទ៕ ដោយ ៖ វណ្ណៈ