ខេត្តកំពង់ចាម ៖ មន្ត្រីនគរបាលបម្រេីការងារនៅខេត្តកំពង់ចាមមួយរូប ត្រូវបានប្រជាពលរដ្ឋដាក់ពាក្យប្តឹងថាបានធ្វេីសកម្មភាពវាយបំផ្លាញទ្រព្យសម្បត្តិ និងគំរាមកំហែងថា នឹងសម្លាប់ដោយអាវុធ ដែលបាន ប្រព្រឹត្តកាលពីវេលាម៉ោង ៣និង៣០នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
យោងតាមពាក្យបណ្តឹងជនរងគ្រោះ ដែលដាក់នៅព្រហ្មទណ្ឌនគរបាលក្រុងកំពង់ចាមបានអោយដឹងថា ឈ្មោះ តាត ស៊ីណែត ភេទស្រី អាយុ៣២ឆ្នាំ ជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ប្ដឹងពីឈ្មោះ សោភ័ណ្ឌ សិលា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីនគរបាលជាតិ មានទីលំនៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ ចាម ។
នៅក្នុងពាក្យបណ្តឹងបញ្ជាក់ថា សូមប្តឹងពីមន្ត្រីនគរបាលខាងលេីនេះ ពីបទគំរាមកំហែងថានឹងសម្លាប់ ដោយអាវុធខ្លី និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដែលបានប្រព្រឹត្តទៅកាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នៅចំណុចមុខផ្ទះរបស់ខ្លួន ស្ថិតនៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម បណ្តាលឱ្យបែកកញ្ចក់ទ្វារផ្ទះ និងខូចខាតសម្ភារៈលក់ដូរ មួយចំនួន។
មន្ត្រីនគរបាលអោយដឹងថា បន្ទាប់ពីទទួល បានពាក្យបណ្តឹងជនរងគ្រោះ នៅថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០១៩ វេលាម៉ោង៤និង ១០នាទី ផ្នែកជំនាញព្រហ្មទណ្ឌ នគរបាលក្រុងកំពង់ចាម បានសហការជាមួយកំលាំងប៉ុស្តិកំពង់ចាម ចុះទៅដល់កន្លែងកើតហេតុ ដេីម្បីបំពេញភារកិច្ចជាមន្ត្រីអនុវត្តន៍ច្បាប់ ប៉ុន្តែ នៅពេលកម្លាំងចុះទៅដល់ ជនសង្ស័យបានគេចខ្លួនបាត់។
ចំពោះករណីកូនលោកផ្កាយ៣ម្នាក់ដែលប្រេីហឹង្សារយកដុំថ្មគប់បំផ្លាញផ្ទះអ្នកជិត ខាងនៅបុរីពិភពថ្មីក្រុងកំពង់ចាម ហេីយថែមទាំងយកកាំភ្លេីងមកគំរាមគ្រួសារជនរងគ្រោះទៀតផង លោកស្នងការបានមានចំណាត់ការអោយកម្លាំងសមត្ថកិច្ចតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕ ដោយ ៖ វណ្ណៈ