ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលទឹកថ្លាធ្វើឃាត់ខ្លួនបន្ទាប់ពីរូបគេបានរករឿង វាយឪពុក និងប្អូនបង្កើតបណ្តាលអោយរងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង ១២នាទីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ នៅចំនុចផ្ទះលេខ៦៤ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ជនរងគ្រោះទី១ឈ្មោះ តាំង កាំ ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរធ្វើម្ហូបការ និងទី២ឈ្មោះ តាំង បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំមុខរបរមន្ត្រីរាជការ អ្នកទាំងពីរស្នាក់នៅផ្ទះកើតហេតុខាងលើ ។ ចំណែកជនបង្កមានឈ្មោះ តាំង កក្តដា ភេទប្រុស អាយុ៣២ឆ្នាំមុខរបរមិនពិតស្នាក់នៅផ្ទះកើតហេតុជាមួយគ្នាហើយរូបគេធ្លាប់រស់នៅប្រទេសអូស្រាលីទៀតផង ។
ប្រភពពីជនរងគ្រោះជាប្អូនប្រុសបានអោយដឹងថា នៅមុនពេលកើតហេតុរូបគេ និងឪពុករួមទាំងកម្មករម្នាក់ទៀតបានអង្គុយនៅក្រោមផ្ទះដើម្បីនិយាយគ្នាពីរឿងរកសុី ពេលនោះស្រាប់តែជនបង្កបានដើរចូលមកនិយាយរឿងផ្តេសផ្តាសហើយយុវជនដែលជាប្អូនបានឃាត់កុំអោយនិយាយភ្លាមនោះជនបង្កខឹងក៍ស្ទុះមកវាយត្រូវចំមុខ២/៣ដៃភ្លាមនោះឪពុកឃើញក៍ចូលមកឃាត់ក៍ត្រូវជនបង្កយកដែកចុងស្រួចចាក់ត្រូវថ្ពល់ខាងឆ្វេងរងរបួសធ្ងន់ ហើយបានបញ្ជួនទៅមន្ទីរពេទ្យភ្លាមៗ ហើយជនបង្កបានយកដែកនោះចាក់មកលើប្អូនប្រុសត្រូវចំកំភួនជើងរងរបួសស្រាល ។ ពេលនោះគាត់ក៍រាយការណ៍ទៅសមត្ថកិច្ចជួយអន្តរាគ្គមន៍ឃាត់ខ្លួនយកមកប៉ុស្តិ៍ទឹកថ្លាតែម្តង ។
ប្រភពដដែលបានបន្តថាជនបង្កនេះធ្លាប់បានដាក់នៅមណ្ឌលកែប្រែគ្រៀងញៀន២ដងមកហើយ ។ ក្រោយពីសមត្ថកិច្ចសាកសួររួចឪពុកក៍បានស្នើសុំអោយយកជននេះដាក់នៅមណ្ឌលកែប្រែ និងបន្សាបគ្រឿងញៀនព្រោះជាកូនបង្កើត ៕
...
ដោយ៖ តុង សីហា