ខេត្តរតនគិរី៖ ជនសង្ស័យ២នាក់មុខសញ្ញដែលបានប្រព្រឹត្តនូវករណីជួញដូរ និងចែកចាយនូវសារធាតុញៀនត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឡាបានសៀកបានធ្វើការឃាត់ខ្លួន ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់ឡាបានសៀកបានឲ្យដឹងថា ការឃាត់ខ្លួនបុរស២នាក់ខាងលើបានសម្រេចធ្វើឡើងកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥វេលាម៉ោង១៩ និង៣០នាទីនៅចំណុចមុខផ្ទះសំណាក់ ពេជ្រ ហុន ស្តិតនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខណៈដែលជនសង្ស័យទាំងពីរនាក់កំពុងតែធ្វើសកម្មភាពចែកចាយនូវសារធាតុញៀន ។
បើតាមការឲ្យដឹងពីលោក ផន ទុំ នាយប៉ុស្តិ៍ស្តីទីបានឲ្យដឹងថា បុរសទាំងពីរនាក់ដែលឃាត់ខ្លួនបានមានឈ្មោះ វណ្ណា ឡូញ ភេទប្រុស អាយុ៥២ឆ្នាំជនជាតិខ្មែរមានទីលំនៅបច្ចុប្បន្ន ភូមិភ្នំ ឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម មុខរបរមិនពិតប្រាកដ និងម្នាក់ទៀតឈ្មោះហុង ងន់សេង ភេទប្រុស អាយុ៣២ ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មុខរបរលក់ត្រី ។
លោក ផន ទុំ បន្តទៀតថាសម្ភារៈដែលដកហូតបានរួមមាន៖ ម្សៅក្រាមពណ៍សថ្លា(សង្ស័យជាសារធាតុញៀនចំនួន១០កញ្ចប់ធំ ម៉ូតូម៉ាកហុងដាវ៉េវឆ្លាមពណ៍ខ្មៅពាក់ស្លាក់លេខ កំពង់ចាម 1D-3922 មួយគ្រឿង និងទូរស័ព្ទដៃម៉ាក ហៃយា ពណ៍ស ១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលសង្កាត់ឡាបានសៀកដើម្បីបំពេញសំណុំបែបបទបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់ ៕

...
ដោយ៖ អ៊ុចសាវុទ្ធ