ខេត្តកោះកុង៖ ស្រុកមណ្ឌលសីមា ជាស្រុកមួយជាប់ ជាមួយទីរួមខេត្តកោះកុង ប្រជាពលរដ្ឋមួយចំនួន នៅតែចោលសំរាមតាមទីសាធារណៈ តាមមាត់លូ ដែលជាប្រព័ន្ធបង្ហូរទឹក បង្កឲ្យមានការកកស្ទះតាមតំបន់មួយចំនួននាមូលដ្ឋាននេះ។ ករណីនេះសមត្ថកិច្ចស្រុក មណ្ឌលសីមាកំពុងឃ្លាំមើលដើម្បីចាប់យកមកពិន័យ ។
អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា កន្លងមករដ្ឋបាលស្រុកមណ្ឌលសីមា តែងបានខិតខំប្រឹងប្រែងប្រើគ្រប់មធ្យោបាយ ទាំងសម្ភារ: និងស្មារតី ថែមទាំងបានសហការជាមួយក្រុមហ៊ុន សម្អាត ប្រមូល និងដឹកជញ្ជូនសំរាម។ ប៉ុន្តែការងារនេះ ពុំទាន់បានឆ្លើយតបតាមគោលបំណង និងសេចក្តីត្រូវការ នៃភាពស្អាត ឬបរិស្ថានល្អនៅឡើយទេ ព្រោះតែប្រជាពលរដ្ឋខ្លះខ្វះការយល់ដឹងចោលសំរាមចូលក្នុងលូបណ្តាលឲ្យស្ទះ នាំភាពកខ្វក់ដល់មូលដ្ឋាន ។
ប្រភពដដែលបានឲ្យដឹងទៀតថា ការខ្វះភាពយល់ដឹងរបស់ប្រជាពលរដ្ឋមួយចំនួននេះ អាជ្ញា ធរមូលដ្ឋានបានចុះអប់រំ និងធ្វើការផ្សព្វផ្សាយឲ្យពួកគាត់យល់ដឹងជាបណ្តើរៗដើម្បីចូលរួមចំណែកការពារអនាម័យនិងបរិស្ថានល្អនៅស្រុកមួយនេះ។
ទាក់ទងនិងបញ្ហានេះ នៅព្រឹក ថ្ងៃសៅរ៍ ៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា និងក្រុមហ៊ុនប្រមូលសំរាម បានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ត្រូវចូលរួមសហការគ្នា សម្អាត ប្រមូល វេចខ្ចប់ ឲ្យបានត្រឹមត្រូវ ដើម្បីឲ្យខាងក្រុមហ៊ុនមានភាពងាយស្រួល ប្រមូលទុកដាក់តាមបែបបច្ចេកទេសស្តង់ដារ បើពុំដូច្នោះទេ និងចាត់វិធានការតាមដាន គ្រប់ភូមិ ឃុំ សង្កាត់ ដើម្បីវែកមុខរកជនខិលខូច យកមកអប់រំ និងណែនាំឲ្យបានយល់ដឹងពីបរិស្ថាន។
លោកអភិបាលស្រុកបន្ត ថា មានប្រព័ន្ធលូបង្ហូរទឹកមួយកន្លែង មានទីតាំងនៅចំណុចផ្លូវកែង ទល់មុខផ្សាភូមិថ្មី ភូមិចាំយាម ឃុំបាក់ខ្លង មនុស្សមិនតិចពី២០នាក់ ក្នុងមួយថ្ងៃ បានបោះចោលសំរាម គ្រប់ប្រភេទ ក្នុងមាត់លូ នេះបើតាមសេចក្តីរាយការណ៍ ពីពលរដ្ឋ ដែលប្រកបរបរជាជាងកាត់សក់នៅក្បែរនោះ។ លោកថា ករណីនេះ បន្ទាប់ពីរដ្ឋបាលស្រុក បានចាត់មន្ត្រីឲ្យចុះតាមដាន និងឃ្លាំមើល អាជ្ញាធរភូមិ ចាំយាម រកឃើញមុខជនប្រព្រឹត្តពិតប្រាកដមែននឹង កោះអញ្ជើញមកណែនាំធ្វើកិច្ចសន្យា មុននឹងឈានដល់ការផាកពិន័យ៕ សហការី