សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បញ្ជាក់ថា កងទ័ពកម្ពុជាជាច្រើនរយនាក់បានចូលរួមប្រតិបត្តិការរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិ។
សម្តេចតេជោបានសរសររៀបរាប់នៅក្នុងគណនីហ្វេសប៊ុក ផ្ទាល់ខ្លួននាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ថា ចាប់ពីឆ្នាំ១៩៩១ ដល់ឆ្នាំ ១៩៩៣ អង្គការសហប្រជាជាតិបានបញ្ជូនកម្លាំងចម្រុះជាតិសាសន៍មកជួយស្វែងរកសន្តិភាពនៅកម្ពុជា ក្រោមឈ្មោះថាអ៊ុនតាក់ (UNTAC)។ ឆ្នាំ ២០០៦ ក្នុងឋានៈជានាយករដ្ឋមន្ត្រី សម្តេចតេជោ បានសំរេចចិត្តខាងនយោបាយដ៏មានសារៈសំខាន់មួយ គឺបញ្ជូនកងទ័ពកម្ពុជាឱយពាក់មួកខៀវចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសនានាលើសកលលោកវិញ ដែលក្នុងនោះ ទាំងកងទ័ព អាវុធហត្ថ គ្រូពេទ្យ និងអ្នកបច្ចេកទេសកម្ពុជាដែលបាននឹងកំពុងប្រតិបត្តិការនៅ ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាត ស៊ីរី លីបង់ ម៉ាលី អាហ្វ្រិកកណ្តាល កោះស៊ីព្រ គឺសុទ្ឋតែជាកម្លាំងរបស់កម្ពុជា ដែលជាប្រទេសឯករាជ្យ អធិបតេយ្យភាព និងជាសមាជិកអង្គការសហប្រជាជាតិ។
ជាចុងក្រោយនៃការលើកឡើងពីប្រធានបទនេះ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះព្រះសង្ឃ និងបងប្អូនជនរួមជាតិ ដែលបានគាំទ្រដល់នយោបាយការបរទេស របស់សម្តេចដែលបានដាក់ចេញ និងបានអរគុណចំពោះយុទ្ធជនយុទ្ធនារីដែលបាននិងកំពុងបំពេញភារកិច្ចប្រកបដោយសេចក្ដីក្លាហាននិងការទទួលខុសត្រូវ ជាមួយគ្នានេះសម្តេចក៏បានសម្តែងនូវការចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារនៃយុទ្ធជនដែលបានពលីជីវិតកន្លងមក៕
ដោយ៖ ហេង សូរិយា