ជប៉ុនមិនដែលភ្លេចថ្ងៃឈឺចាប់បំផុត ដែលត្រូវទទួលរងការទម្លាក់គ្រាប់បែកបរមាណូ

ចែករំលែក៖

ទោះបីជប៉ុននិងអាមេរិកមានទំនាក់ទំនងយ៉ាងល្អក្តី តែប្រទេសនេះមិនដែលភ្លេចថ្ងៃ​ឈឺចាប់បំផុត ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន គឺថ្ងៃដំបូងដែលទីក្រុងហីរ៉ូស៊ីម៉ា ត្រូវអាមេរិក​ទម្លាក់គ្រាប់ក្នុងសង្គ្រាមលោកលើកទីពីរ​។ ការទម្លាក់គ្រាប់នោះបានធ្វើឲ្យជប៉ុន ក្លាយ​ជាប្រទេសតែមួយគត់នៅលើពិភពលោក ទទួលរងការវាយប្រហារដោយបរមាណូ ។

ជារៀងរាល់ឆ្នាំនៅថ្ងៃទី ៦ខែសីហា ជប៉ុនបានប្រារពខួប ថ្ងៃអាមេរិកទម្លាក់គ្រាប់បែក មិនដែនខាននោះឡើយ មកទលពេលនេះគឺខួប ៧៤ឆ្នាំទៅហើយ​។ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកបរមាណូមួយគ្រាប់ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima) របស់ប្រទេសជប៉ុន ដែលកាលណោះបានឆក់យកជីវិតមនុស្ស ១៤០,០០០នាក់ នៅចុងសម័យសង្គ្រាមលោកលើកទីពីរ។ 

ពិធីរំលឹកខួបដ៏ឈឺចាប់ប្រចាំប្រវត្តិសាស្ត្រជប៉ុននេះ ត្រូវបានចូលរួមដោយមន្ត្រីរាជការ ភ្ញៀវអន្តរជាតិ និងពលរដ្ឋជប៉ុនសរុប ៥០,០០០នាក់ នៅក្នុងឧទ្យាននៃការចងចាំដល់សន្តិភាព (Peace Memorial Park) ស្ថិតនៅក្បែរទីតាំង Ground Zero នៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ាផ្ទាល់។ ស្ថិតក្នុងឱកាសនោះលោកនាយករដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ បានថ្លែងយ៉ាងដូច្នេះថា «វាពិតជាសំខាន់ខ្លាំងណាស់ ដែលពិភពលោកមួយត្រូវតែរួចចាកផុតពីអាវុធនុយក្លេអ៊ែរ…»។

លោក អាបេ ក៏បានសង្កត់ធ្ងន់ផងដែរក្នុងនាមជាប្រទេសតែមួយគត់ ដែលធ្លាប់បានរងគ្រោះ ដ៏ជូរចត់បំផុតដោយសារគ្រាប់បែកអាតូមិក កាលពីសម័យសង្គ្រាមនោះ កាតព្វកិច្ចរបស់ជប៉ុនក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរនោះ គឺគ្មានការផ្លាស់ប្តូរឡើយ ទោះបីជាឈានចូលមកដល់រជ្ជកាលរៃវ៉ា (Reiwa) នៃព្រះចៅអធិរាជអង្គថ្មីក៏ដោយ។

គួរបញ្ជាក់ថា គ្រាប់បែកអាតូមិកមួយគ្រាប់ ដែលមានស្នូលពោពេញដោយសារធាតុអ៊ុយរ៉ាញ៉ូម ត្រូវបានយន្តហោះទម្លាក់គ្រាប់បែកសហរដ្ឋអាមេរិក ទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ភាគខាងលិចប្រទេសជប៉ុននៅវេលាម៉ោង ៨៖១៥នាទីព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៤៥ និងបានសម្លាប់មនុស្សសរុប ១៤០,០០០នាក់។ បន្ថែមពីនេះនៅថ្ងៃទី០៩ ខែសីហា ឆ្នាំដដែល អាមេរិក៏បានទម្លាក់មួយគ្រាប់ទៀត ទៅលើទីក្រុងណាហ្គាសាគិ (Nagasaki) ដែលជាហេតុធ្វើឲ្យជប៉ុនព្រមចុះចាញ់សង្គ្រាមលោកលើកទីពីរ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print