ខេត្តក្រចេះ ៖ ប្តីចិត្តឃោរឃៅបានកាប់ប្រហារប្រពន្ធជាច្រើនកាំបិត ខណៈប្រពន្ធជិះម៉ូតូត្រឡប់ពីទិញបង្អែម បណ្តាលឲ្យផុតដង្ហើមរួចអូសយកសពទម្លាក់ទឹកប្រឡាយ ក្បែរផ្លូវលំមួយកន្លែង ស្ថិតក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ ហើយជនសង្ស័យបានរត់គេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ច ។ ករណីនេះ ប្រភពព័ត៌មានអះអាងថា ដោយសារខឹងប្រពន្ធសុំលែង ។
នគរបាលឲ្យដឹងថា សពនារីរងគ្រោះឈ្មោះគង់ ស្រីទូច អាយុ២៧ឆ្នាំ ហើយត្រូវបានប្រជាពលរដ្ឋឃើញកាលពីព្រលប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចខាងលើកើតហេតុខាងលើ ។ ចំណែកប្តីចិត្តឃោឃៅ ឈ្មោះសំ សុភ័ក្ត្រា ហៅភ័ក្ត្រ អាយុ៣១ឆ្នាំ ។
នគរបាលព្រហ្មទណ្ឌបញ្ជាក់ថា កំពុងតែស្វែករកស្រាវជ្រាវចាប់ខ្លួនបុរសកំណាចមកផ្តន្ទាទោសតាមច្បាប់ ខណៈមិនទាន់មានប្រភពព័ត៌មានជាក់លាក់ណាបញ្ជាក់ឲ្យច្បាស់ពីដើមចមដែលឈានឲ្យមាន អំពើឃាតកម្មនោះនៅឡើយទេ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅភូមិឃុំកើតហេតុឲ្យដឹងថា កន្លងមកជនរងគ្រោះ និងជនសង្ស័យ (ប្តីប្រពន្ធ) មានជម្លោះរហូតដល់ជនរងគ្រោះសម្រេចចិត្តដាក់ពាក្យបណ្តឹងសុំលែងលះគ្នា ប៉ុន្តែជនដៃដល់ពុំយល់ព្រមឡើយ។ លុះនៅថ្ងៃកើតហេតុ វេលាម៉ោងជាង៧យប់ ជនរងគ្រោះជិះម៉ូតូទៅទិញបង្អែម ស្រាប់តែពេលត្រឡប់មកផ្ទះវិញ ត្រង់ចំណុចផ្លូវលំច្រកចូលផ្ទះត្រូវបានជនសង្ស័យ បានកាន់កាំបិតផ្គាក់កាប់ជនរងគ្រោះ ជាច្រើនកាំបិតត្រូវចំបំពង់ក និងកញ្ចឹងក រួចទម្លាក់ចូលក្នុងប្រឡាយទឹកលូ បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង ៕ ដោយ ៖ ជាយក្រុង