ឆក់ត្រីបាត់មួយយប់ លុះព្រឹកឡើងប្រទះឃើញដេកស្លាប់ក្បែរមាត់ច្រាំងទន្លេ

ចែករំលែក៖

ខេត្តកណ្ដាល ៖ បុរសម្នាក់ ចេញផ្ទះទៅឆក់ត្រីបាត់ខ្លួន១យប់ លុះព្រឹកឡើង បងប្អូនសាច់ញាតិស្វែងរកបានប្រទះឃើញដេកស្លាប់ក្បែរមាត់ច្រាំងដងទន្លេរ ដោយសង្ស័យថា ករណីនេះ បណ្ដាលមកពីឆក់ត្រីខុសបច្ចេក​ទេស បែជាឆក់ខ្លួនឯងស្លាប់ ។ ករណីនេះ បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចដងទន្លេមុខវត្តដងគោម ស្ថិតក្នុងភូមិដងគោម  ឃុំកំពង់អុស  ស្រុកពញាឮ  ខេត្តកណ្ដាល  ។

មន្រ្ដីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រ៉នណូ ស្រ៊ុន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នេសាទ មានទីលំនៅភូមិដងគោម  ឃុំកំពង់អុស  ស្រុកពញាឮ  ខេត្តកណ្តាល  ។

ប្រភពដដែលបន្ដថា កាលពីរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៦និង៣០នាទី ជនរងគ្រោះបានចេញពីផ្ទះរបស់ខ្លួន ទៅឆក់ត្រី នៅចំណុចតាមច្រាំងដងទន្លេ មុខវត្តដងគោម ហើយក៏ទៅបាត់រហូត ពុំឃើញត្រឡប់មកផ្ទះវិញទេ  បងប្អូនសាច់ញាតិតាមរកដែរតែរកពុំឃើញឡើយ ។  លុះព្រឹកឡើង  ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៦ព្រឹក បងប្អូនសាច់ញាតិ បាននាំគ្នាដើររកម្ដងទៀត ក៏ស្រាប់តែប្រទះឃើញ ជនរងគ្រោះខាងលើស្លាប់នៅមាត់ទឹកច្រាំងដងទន្លេ ដោយមានឧបករណ៍ដងសំរាប់ឆក់ត្រីនៅក្បែរខ្លួនជនរងគ្រោះផងដែរ  ភ្លាមនោះ បងប្អូនសាច់ញាតិជនរងគ្រោះ បានរាយការណ៍ ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលកំពង់អុស ចុះមកធ្វើការពិនិត្យ ។

បន្ទាប់ពីកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាល ទទួលបានព័ត៌មានខាងលើ ភ្លាមនោះ ក៏រាយការណ៍បន្ដទៅនគរបាលជំនាញស្រុក ដោយសហការជាមួយក្រុមប្រឹក្សាឃុំ , លោកមេភូមិ និងគ្រូពេទ្យ រួចធ្វើការពិនិត្យសាកសព បញ្ជាក់​ថា ៖ សាកសពជនរងគ្រោះ ពិតជាស្លាប់ដោយសារឆក់ត្រី ឆ្លងចរន្ត មកឆក់ខ្លួនឯងស្លាប់ប្រាកដមែន ពុំមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីផ្សេងឡើយ ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញ ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print