ខេត្តកំពង់ចាម ៖ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម បានសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកងមាស ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យ បើកកិច្ចប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយវិធានញុះញង់ឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងនោះកម្លាំងចាប់យកវត្ថុតាង ថ្នាំ ញៀនចំនួន៤៣កញ្ចប់ ប្រាក់ញុះញង់៨០.០០០រៀល ,ទូរស័ព្ទដៃចំនួន០៥គ្រឿង និងម៉ូតូ០១គ្រឿង ។
លោកវរសេនីយ៍ទោ ជីវ សេងរស់ ឲ្យដឹងថា ជនសង្ស័យដែលត្រូវបានកម្លាំងចាប់ឃាត់ខ្លួន ១-ឈ្មោះទុយ សុខជាតិ ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិថ្មី ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម , ២-ឈ្មោះសឿ ប៊ុនថន ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ នៅភូមិដំណាក់ស្នាយ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម (ជាមុខសញ្ញាមានដីកាបង្គាប់អោយចាប់ខ្លួន ចេញដោយអ្នកស្រីគឹម លុយចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨) និង៣-ឈ្មោះឆែ មុន្នី ភេទប្រុស អាយុ៤៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិព្រែកក្របៅ ឃុំព្រែក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។
លោកបញ្ជាក់ថា បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ជំនាញការិយាល័យប្រឆាំងគ្រឿងញៀនចុះបង្រ្កាប រាល់ពេលកម្លាំងបានទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាម ក្នុងនោះស្នងការនគរបាលខេត្តកំពង់ចាមបានបំពេញភារកិច្ច ដោយអនុវត្តតាមផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៤របស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ជម្រុញអោយមានវិធានការបង្ក្រាបសកម្មភាពគ្រឿងញៀន ។
លោកបន្តថា ជាក់ស្តែង នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ នៅវេលាម៉ោង៧យប់ នៅចំណុចភូមិថ្មី ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម បានសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកងមាស បានបើកកិច្ចប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយវិធានញុះញង់ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ មានឈ្មោះ និងវត្ថុតាងដូចខាងលើ ៕ ដោយ វណ្ណៈ