ខេត្តកំពង់ចាម ៖ បុរសម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ បុកពីក្រោយរថយន្តចតក្បែរចិញ្ចើមថ្នល់ បណ្តាលឲ្យដេកដួលនៅលើផ្លូវ ហើយបានដាច់ខ្យល់ស្លាប់ ជាមួយមធ្យោបាយធ្វើដំណើរម៉ូតូមួយគ្រឿង នៅវេលាទាបភ្លឺថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៦ ត្រង់ចំណុចទំនប់ត្រពាំងវែង ភូមិបែកពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងវាស់វែងតាមជំនាញ ខណៈអ្នកបើកបរម៉ូតូបានស្លាប់ និងហៅសាច់ញាតិឲ្យមកទទួលសពធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្ត និងម៉ូតូយករក្សាទុកនៅអធិការដ្ឋានស្រុកបាធាយ រង់ចាំការដោះស្រាយនៅពេលបន្ទាប់ ។
សមត្ថកិច្ចឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ម៉ុត មួន ប្រុសអាយុ៥៥ឆ្នាំ នៅភូមិតាំងជ្រៃ ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម ។
ប្រភពព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសខាងលើបើកបរម៉ូតូម៉ាកហុងដាគុប ពណ៌ខៀវ (គ្មានស្លាកលេខ) មានទិសដៅពីជើងទៅត្បូង (ពាក់មួកសុវត្ថិភាព) បើកលឿនពេកដល់ចំណុចខាងលើ បានទៅបុខគូថរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយខៀវ ពាក់ស្លាកលេខព្រៃវែង3A-0987 ដឹកអុស អ្នកបររត់បាត់ ( ដែលខូចលើចិញ្ចើមផ្លូវ) មានទិសដៅពីជើងទៅត្បូង ។
សមត្ថកិច្ចបញ្ជាក់ថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលអោយខូចរថយន្ត០១គ្រឿង (កម្រិតស្រាល) និងខូចម៉តូ០១គ្រឿង (ស្រាល) ។ ចំណែកបុរសបើកបរម៉ូតូឈ្មោះ ម៉ុត មួន បានដួលស្លាប់នៅលើថ្នមល់ ៕ ដោយ ៖ វណ្ណៈ