ខេត្តត្បូងឃ្មុំ ៖ ឈប់ ឬ ចត រថយន្តលើទ្រូងផ្លូវ នៅពេលយប់ អ្នកបើកបរត្រូវធ្វើដូចម្តេច? នោះគឺ នៅពេល យប់ ឬចតរថយន្តនៅលើទ្រូងផ្លូវ ដែលគ្មានភ្លើងបំភ្លឺផ្លូវ ត្រូវប្រើភ្លើងទីតាំង ភ្លើងក្រហម និងភ្លើងបំភ្លឺស្លាក លេខ ។ មើលចុះ!! គួរឲ្យរន្ធត់ណាស់ មាននារីនៅក្មេងៗរហូតដល់ទៅ៣នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ បើក បរម៉ូតូបុករថយន្តឈប់ចតលើចិញ្ចើមផ្លូវពីក្រោយ ខ្ទាតដេកដួលលើផ្លូវ ខ្លះបានស្លាប់ម្នាក់ និងខ្លះរបួសធ្ងន់និងស្រាល២នាក់ ។
ហេតុការណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១២និង៥០នាទីយប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ វេលាម្សិលមិញនេះ នៅលើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៣-១៤៤ចំណុចមុខការិយាល័យលក់ដី ឡូភូមិថានបៃតង ស្ថិតភូមិឡើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
លោកវរៈសេនីយ៍ ឈន សុធន អធិការនគរបាលក្រុងសួងឱ្យដឹងថា កាលពីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ គឺមានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយអ្នកបើកបររថយន្តមួយគ្រឿង នៅពេលរថយន្តបានខូចនៅ លើផ្លូវជាតិលេខ៧ ដោយមិនបានដាក់សញ្ញាសម្គាល់ ហើយនៅពេលនោះមានម៉ូតូ១គ្រឿង បើកបរដោយនារីម្នាក់ និងអ្នករួមដំណើរ២នាក់ជានារីដូចគ្នា មកដល់ចំណុចកើតហេតុបានបុកពីក្រោយចំពេញទំហឹងបណ្តាលឱ្យស្លាប់ និងរបួសធ្ងន់ស្រាលតែម្តង ។ លោកបន្តថា បន្ទាប់មកសមត្ថកិច្ចចុះជួយអន្តរាគមន៍ ហៅរថយន្ត និងដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកត្បូងឃ្មុំ ។ ចំណែកអ្នកស្លាប់ សមត្ថកិច្ចប្រគល់សពឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។
សមត្ថកិច្ចឲ្យដឹងថា មធ្យោបាយបង្កគ្រោះថ្នាក់ចរាចរណ៍ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ត្រេអីុ ពាក់ស្លាកលេខស្វាយរៀង3A-0603 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បន្ទាប់ពីកើតហេតុបានរត់គេចខ្លួនបាត់ ។ ចំណែកម៉ូតូម៉ាកនិច ពណ៌ស ស្លាកលេខក្រចេះ1C-4477 បើកបរដោយឈ្មោះ លី ស្រីណែត ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិក្រែកត្បូង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (របួសធ្ងន់) រួមមដំណើរដោយមិត្តភក្តី២នាក់ ១-ឈ្មោះឌឿនចាន់ដេង ភេទស្រី អាយុ១៧ឆ្នាំ នៅភូមិច្រណោម ឃុំបុស្សខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម (ស្លាប់នៅកន្លែងកើតហេតុ) និង២-ឈ្មោះ ភិន សុផាតិ ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ នៅភូមិច្រណោម ឃុំបុស្សខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម (របួសស្រាល) ។
តាមរបាយការណ៍នគរបាលបញ្ជាក់ថា រថយន្តនិងម៉ូតូធ្វើដំណើរស្របទិសគ្នា ខណៈនោះរថយន្តបានខូចហើយ ចតនៅលើគន្លងផ្លូវរបស់ម៉ូតូ ។ ចំពោះវត្ថុតាងម៉ូតូ និងរថយន្ត ជំនាញនគរបាលចរាចរណ៍បានយក មករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសួង ដើម្បីបំពេញសំណុំរឿងតាមនីតិវិធិ ៕ ដោយ ៖ វណ្ណៈ