ខេត្តសៀមរាប៖ តាមសេចក្ដីរាយការណ៍របស់លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែងបានឲ្យដឹងនៅព្រឹកថ្ងៃទី០៩សីហា ឆ្នាំ២០១៩ថា អំពើហឹង្សាកើតឡើងដោយទំនាស់ រឿងគោស៊ីដំណាំនោះ បច្ចុប្បន្នជនបង្កត្រូវបានតុលាការបញ្ចូនចូលពន្ធនាគាហើយ! រំលឹកកាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០១៩ មានករណីហិង្សាមួយបានកើតឡើងរវាងបុរសម្នាក់ជាថៅកែឡឥដ្នបានវៃទៅលើផ្ទៃមុខស្ត្រីម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ ដោយចោតថាស្រ្ដីនោះជេរបញ្ចោរខ្លួនរឿងគោស៊ីដំណាំ ហេតុការណ៍នេះបានកើតឡើងនៅភូមិប៉ាត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
សមត្ថកិច្ចបានអោយដឹងថា ជនបង្កឈ្មោះ ហង្ស សីហា ភេទប្រុសអាយុ៥២ឆ្នាំ រស់នៅភូមិ ប៉ាត ត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ត្រូវបាននគរបាលជំនាញស្រុកជីក្រែងឃាត់ខ្លួនបាននិងរៀបចំសំណុំរឿងបញ្ជូន ទៅការិយាល័យជំនាញដោយចោទពីបទហិង្សាដោយចេតនា បន្ទាប់ពីឈ្មោះ សួន ចក់ ភេទប្រុស អាយុ៥៦ឆ្នាំ នៅ ភូមិប៉ាត ត ឃុំគោកធ្លកក្រោម ស្រុកជីក្រែងបានមកប្តឹងនៅប៉ុស្តិ៍ គោកធ្លកក្រោមដោយចោទប្រកាន់លើឈ្មោះ ហង្ស សីហា ភេទប្រុស ដែលបានវៃប្រពន្ធគាត់ឈ្មោះ ឈិន ម៉ៅ អាយុ ៤៦ ឆ្នាំ ជាច្រើនដៃបណ្តាលឲ្យរងរបួសហើមពេញមុខ កំពុងសម្រាកនៅមន្ទីរពេទ្យ ។
តាមចម្លើយសារភាពរបស់ជនបង្ក បានសារភាពថាខ្លួនពិតជាបានវៃជនរងគ្រោះចំនួន២ដៃដួលផ្កាប់មុខទៅលើដីពិតមែន មូលហេតុមកពីជនរងគ្រោះជេរបញ្ចោរមកលើរូបគាត់។
សមត្ថកិច្ចបានបញ្ជាក់ថាករណីនេះកម្លាំងនគរបាលបានរៀបចំសំណុំរឿងបញ្ចូនទៅតុលាការរួចរាល់ហើយក្នុងនោះសង្ស័យត្រូវបាន តុលាការចោទប្រកាន់ថាប្រើអំពើហឹង្សាដោយចេតនា និងបច្ចុប្បន្នបានបញ្ជូនខ្លួនជនសង្ស័យចូលពន្ធនាគារ រួចរាល់ហើយ៕ប៊ុនរិទ្ធី
...