ខេត្តព្រះសីហនុ៖ ក្រោយពីទទួលឥទ្ធិពលសម្ពាធទាប និងខ្យល់មូសុងនិរតីខ្លាំងធ្វេីអោយខេត្តព្រះសីហនុ ភ្លៀងធ្លាក់គំហុកជាប់ៗគ្នាក្នុងកម្រិតខ្លាំងចាប់តាំងពីថ្ងៃទី១ ខែសីហា មកម្ល៉េះ។ លោកគួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុបានអោយដឹងថា៖ គិតត្រឹមម៉ោង៧ម្សិលមិញមកទល់ពេលនេះ បរិមាណទឹកភ្លៀងសរុបប្រមាណ៣៥៦មីលីម៉ែត្រ និងបន្តធ្លាក់នៅប៉ុន្មានថ្ងៃខាងមុខទៀត។ លោកបន្តថា៖ លោក លឹម គានហោ ក្រសួងធនធានទឹក និងឧតុនិយម បានអន្តរាគមន៍គ្រឿងចក្រធុនធ្ងន់ ដោយសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុដេីម្បីជួយរំដោះទឹក។
លោកអភិបាលបន្តថា៖ គិតត្រឹមម៉ោងនេះ ប្រជាពលរដ្ឋដែលរងគ្រោះបានជួយសង្គ្រោះទៅកាន់ទីទួលសុវត្ថិភាព ។ ផ្លូវជាតិលេខ៣ ពីរង្វង់មូលវាលវេញ ទៅដល់ស្ពានកំពង់ស្មាច់(គីឡូម៉ែត្រលេខ១៩៥-២០០)បានផ្អាកដំណេីរការបណ្តោះអាសន្ន និងនៅលេីកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំនុចស្ពានស្ទឹងសំរោង និងស្ពានស្ទឹងច្រាល(គីឡូម៉ែត្រ១១៦) ទឹកមានកំពស់៥.២ម៉ែត្រ(ចំណុចប្រកាសអាសន្ន៥.៨ម៉ែត្រ)។
គណៈបញ្ជាការឯកភាពខេត្តក្រុងស្រុក តំបន់ប្រត្តិបត្តិការសឹករងខេត្ត កម្លាំងមូលដ្ឋានសមុទ្ររាម កងកម្លាំងឆត្រយោង៩១១ កម្លាំងកងពល៩៩ នគរបាលព្រំដែនទឹក និងវិស័យឯកជនមួយចំនួន(សម្ភារៈ) បានត្រៀមកំលាំងរួចរាល់ ដេីម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានហេតុការណ៍កេីតមានឡេីងជាយថាហេតុណាមួយ៕
ដោយ៖ ឆ្លាម សមុទ្រ