ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ហូរឈាមស្រោចខ្លួនត្រូវបានដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈរួបគេជិះម៉ូតូហុងដាស៊េរីឆ្នាំ២០១៥មួយគ្រឿង ហើយត្រូវជនសង្ស័យមានគ្នា២នាក់ប្រដាប់ដោយដាវសាំម៉ូរ៉ៃបានកាប់ប្រហារ ។
កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៥ នៅផ្លូវវេងស្រែងកែងផ្លូវបេតុង ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេរី ឆ្នាំ២០១១ ឡើងតែមស៊េរីឆ្នាំ២០១៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CS 3958 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងតែម្នាក់ឯង ខណៈមកដល់ចំណុចកើតហេតុដោយកន្លែងស្ងាត់ក៏មានជនសង្ស័យមានគ្នា២នាក់ប្រដាប់ដោយដាវជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកកាប់ជនរងគ្រោះជាច្រើនកន្លែងបណ្តាលអោយរងរបួសធ្ងន់។
សាក្សីដដែលបានបន្តថាបន្តថាភ្លាមនោះក៏មានអ្នករត់ម៉ូតូឌុបជិះឆ្លងកាត់ទីនោះនិងស្រែកថាចោរៗទើបជនសង្ស័យភ័យជិះម៉ូតូគេចខ្លួនបាត់ដោយមិនបានយកម៉ូតូជនរងគ្រោះទៅជាមួយទេ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនចំណែកម៉ូតូសមត្ថកិច្ចបានយកទៅរក្សាទុករងចាំបងប្អូនមកទទួលយកទៅវិញ៕
ដោយ៖ សុខាសែនជ័យ