Update ៖ ជើងខ្លាំងបង្កគ្រោះថ្នាក់ចរាចរណ៍ ឈានដល់វាយតប់នគរបាលដល់ប៉ុស្តិ៍ ទីបំផុតបញ្ចប់រឿងត្រឹមសងសំណងជនរងគ្រោះ (មាន​វីដេអូ​)

ចែករំលែក៖

ភ្នំពេញ៖ ពិតជាខ្លាំងមែន..មិនដឹងជាកូនអស់លោកណាទេ គ្រាន់តែករណីគ្រោះថ្នាក់ចរាចរណ៍ក្លាយជាអំពើហិង្សា ខ្លួនជាអ្នកបង្កហេតុហើយ មកបញ្ឆេះកំហឹងវាយសមត្ថកិច្ចដល់ក្នុងប៉ុស្តិ៍ ស្រែកឡូឡា គ្មានញញើតអ្នកអនុវត្តច្បាប់សូម្បីបន្តិច តែទីបំផុតអាចមានអ្នកអន្តរាគមន៍ ទើបឈានដល់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃ១ អោយត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីមានអ្នកមកធានា និងចេញសំណងទៅលើជនរងគ្រោះក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍រួចមក ។ ដោយឡែកខាងនគរបាលចាត់ទុកថាជារឿងប៉ៈទង្គិចបន្តិចបន្តួចមកលើនគរបាល របៀបហិង្សាដោយជាតិស្រវឹងក៏អភ័យទោសអោយ មិនប្តឹងអីអោយវែងឆ្ងាយអីទេ។

ករណីនេះគេសង្ស័យជនបង្កដ៏ទំនើងជាកូនអ្នកធំ មានអំណាចណាមួយ និងមានការអន្តរាគមន៍ណាមួយលូកដៃចូលក្នុងរឿងនេះ ទើបសមត្ថកិច្ចធ្វើការសម្របសម្រួលបញ្ចប់ត្រឹមសំណងរឿងគ្រោះថ្នាក់ចរាចរណ៍ ហើយបញ្ហាអំពើហិង្សានៃបណ្តឹងអាជ្ញាត្រូវរលត់ត្រឹមមន្ត្រីនគរបាលយុត្តិធម៍ ផ្ទុយពីនីតិវិធីច្បាប់។

សូមបញ្ជាក់ថា៖ មានបុរសវ័យអាយុម្លៃលើស្ទើរសាមសិបឆ្នាំម្នាក់(សមត្ថកិច្ចលាក់អត្តសញ្ញាណ) បានបង្កគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្ត ក្លាយជាអំពើហិង្សាច្រឡោតកោងកាច សំឡុតទៅលើភាគីម្ខាងទៀត ស្ទើសុីសាច់ហុតឈាម ហែកសុីទាំងរស់ បែបជាជនចរិកពាល សឹងតែម៉ាស្រុកមានមួយ ឬអាងខ្លួនជាកូនអ្នកធំណាមួយ។

ហេតុការណ៍នេះបានកើតឡើងនៅក្នុង មូលដ្ឋានសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ រវាងរថយន្តបង្កហេតុម៉ាក Ronge Rover ពាក់ស្លាកលេខ ភ្នំពេញ 2Q-7889 ប៉ៈជាមួយរថយន្តម៉ាកឡិចសុីស ។ ភាគីរថយន្តម៉ាក Ronge Rover ពាក់ស្លាកលេខ ភ្នំពេញ 2Q-7889 មិនដឹងជាអាងខ្នងអំណាច ឬមានសារជាតិឈាមខ្លាចូលខ្លួន និងស្រវឹងបែបណាទេ គឺកម្រោលចូលប្រមាថមើលងាយជនរងគ្រោះ សមត្ថកិច្ច អ្នកដំណើរ រហូតដល់សមត្ថកិច្ចនាំខ្លួនមកកាន់ប៉ុស្តិ៍រដ្ឋបាល ដើម្បីធ្វើកំណត់ហេតុស្តាប់ចម្លើយ។ ប៉ុន្តែជនខាងលើនៅតែមានចរិកឆេវឆាវ បង្កហិង្សាដល់សមត្ថកិច្ច លោតទៅវាយតប់មេប៉ុស្តិ៍ និងមន្ត្រីនគរបាល ដូចក្នុងវីដេអូផ្អើលពេញប៉ុស្តិ៍ ជាមួយនិងសំដីដៀលប្រមាថសមត្ថកិច្ច ជេរដាក់បណ្តាសារ អំនួត សើច ឌឺ ចំអកឡកលើយ តាំងពីកន្លែងកើតហេតុ ,កន្លែងស្នាក់ការប៉ុស្តិ៍នគរបាល, និងខាងក្រៅប៉ុស្តិ៍នគរបាល , ធ្វើអោយអ្នកឃើញហេតុការចាត់ទុកជនរូបនេះជាមនុស្សគ្មានសីលធម៍ និងសូមអោយសមត្ថកិច្ចបន្តនីតិវិធីចាត់ការទៅតាមផ្លូវច្បាប់ ដោយគ្មានយោគយល់ ឬត្រូវខ្លាចរអែងនិងវប្បធម៍អន្តរាគមន៍ណាមួយឡើយ ខណះប្រទេសជាតិយើងគ្រប់គ្រងដោយច្បាប់។

មតិប្រជាពលរដ្ឋខ្លះបានលើកជាចំងល់ដោយការហួសចិត្តថា៖ ប្អូនប្រុសពិតជាកាចមែន។ បង្កហិង្សាខាងក្រៅហេីយ​ ចូលដល់ប៉ុស្តិ៍តដៃសមត្ថកិច្ចទៀត។ សំខាន់គំរាមសមត្ថកិច្ចទាំងមុខញញឹមស្រស់។

ពួកគាត់បន្តថា៖ មិនដឹងថាបង្អែកគាត់រឹងមាំប៉ុណ្ណាទេ​ ទេីបគាត់ក្អេងក្អាងដល់ថ្នាក់ហ្នឹង។ អាណាព្យាបាលទាំងឡាយមិនគួរថ្នាក់ថ្នម​ និងទំយេីកូនរហូតដល់កោងកាចបែបនេះឡេីយ។
ទីបំផុតការអនុវត្តច្បាប់ទៅលើជនប្រព្រឹត្តល្មើសច្បាប់ គ្មានប្រសិទ្ធបន្ទាប់ពីមានវប្បធម៍អន្តរាគមន៍ សូម្បីតែនគរបាលដែលរងនូវកណ្តាប់ដៃជនបង្ក ក៏ព្យាយាមលាក់អត្តសញ្ញាណជនបង្ក អាចមានអ្នកអន្តរាគមន៍ មានឥទ្ធិពលគ្របដណ្តប ទើបធ្វើអោយការអនុវត្តច្បាប់មានកម្រិត សិក្សាពីខ្យល់ ទួលដំបូកនេះជាដើម។ បើករណីប្រជាពលរដ្ឋធម្មតាវិញ ប្រហែលឈឺខ្លួន ដេកគុក រងបណ្តឹងប៉ុន្មានបទល្មើសទេ ដែលត្រូវធ្វើកំណត់ស្តាប់ចម្លើយ សំយោគបទល្មើសបញ្ជូនសំណុំរឿងទៅអយ្យការអនុវត្តបន្តនីតិវិធី៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print