ខេត្តកំពង់ធំ៖ បុរសស្រវឹងខួបម្នាក់ប្រើអំពើហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស(យកអង្រែបុកគ្រឿងវាយលើស្ដ្រីចំណាស់ម្នាក់បណ្តាយឱ្យរងរបួសធ្ងន់)ហេតុការណ៍នេះបានដឹងដល់សមត្ថកិច្ចនៅម៉ោង ១៧និង៤៥នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នៅភូមិខ្វាន់ទៀង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។
ជនរងគ្រោះមានឈ្មោះ ស៊ិន រ៉ា ភេទស្រី អាយុ ៥០ឆ្នាំរស់នៅ ភូមិខ្វាន់ទៀង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។
ជនសង្ស័យឈ្មោះ ឆឹង ឆូយ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា កន្លែងកើតហេតុ។
បើតាមការពាក្យបណ្ដឹង របស់ជនរងគ្រោះបានបញ្ជាក់ថា៖ នៅថ្ងៃទី១២ ខែសីហា ២០១៩ វេលាម៉ោងប្រហែល១១ ពេលគាត់កំពុងធ្វើម្ហូបហូបបាយនៅលើផ្ទះ ស្រាប់តែឃើញជនសង្ស័យ មិនដឹងមកពីណាទេ ដៃមានកាន់អង្រែបុកគ្រឿងឡើងលើផ្ទះរបស់គាត់ ហើយស្ទុះមកវាយគាត់ទាំងកម្រោល ជាច្រើនអង្រែដោយគ្មានមូលហេតុ បណ្ដាលឲ្យរងរបួសជាទម្ងន់ គាត់ក៏ប្រឹងស្រែក ហៅបងប្អូនឲ្យជួយ ពេលនោះស្រាប់តែឃើញក្មួយប្រុសឈ្មោះ សុភីន មកជួយទើបឈ្មោះ ឆូយ ជាជនសង្ស័យឈប់វាយ ហើយដើរគេចចេញបាត់ទៅ។
ក្រោយទទួលបានព័ត៌មានកម្លាំងជំនាញនគរបាលស្រុកប្រាសាទបល្ល័ង្គនិងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសាលាវិស័យ និងអាជ្ញាធរភូមិ បានចុះដល់កន្លែងកើតហេតុ និងពិនិត្យជនរងគ្រោះ ពិតជាមានស្នាមរបួស បាក់ឆ្អឹងដៃខាងឆ្វេងធ្ងន់ធ្ងរ និងត្រូវចំចង្ការបួសទៀត។
សមត្ថកិច្ចសន្និដ្ឋានថា ស្នាមរបួសនៅលើជនរងគ្រោះពិតជាបង្កឡើងដោយជនសង្ស័យប្រើឧបករណ៍វត្ថុរឹង(ឈើអង្រែបុកគ្រឿង)វាយទៅលើជនរងគ្រោប្រាកដមែន! មូលហេតុៈ ជនសង្ស័យស្រវឹងស្រា ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្គ និងចងក្រងសំណុំរឿងតាមនីតិវិធីដើម្បីចាត់ាការតាមច្បាប់៕ ប៊ុនរិទ្ធី